ដូចយើងបានដឹងហើយថា វីរុស Covid-19 បាននឹងកំពុងតែរាល់ដាលនៅក្នុងប្រទេសជាច្រើនលើពីភពលោក សូម្បីតែប្រទេសកម្ពុជាក៏បានរកឃើញអ្នកផ្ទុកវីរុសនេះចំនួន ៣៧ករណីផងដែរ បើគិតមកទល់យប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០នេះ គឺសុទ្ធសឹងតែជាករណីឆ្លងពីក្រៅប្រទេសមិនទាន់មានការឆ្លងក្នុងសហគមន៍នៅឡើយនោះទេ។
ដោយសារតែចំនួនអ្នកផ្ទុកវីរុសនេះចេះតែមានការរកឃើញជាបន្តបន្ទាប់ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធនឹងវីរុស Covid-19 នេះផងដែរ ដោយអ្នកចូលរួមអាចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និងលោកគ្រូ អ្នកគ្រូពេទ្យ ក៏អាចចុះឈ្មោះបានដូចគ្នា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 នៅព្រះរាជាណាចក្រកម្ពុជាយើង។
តែនៅពេលនេះមានគ្រូពេទ្យមួយរូបបានចេញមុខមកបញ្ជាក់យ៉ាងក្លាហានថាខ្លួននឹងចូលរួមស្ម័គ្រចិត្តនឹងកិច្ចការនេះដើម្បីប្រទេសជាតិ ធ្វើឱ្យផ្ទុះការកោតសរសើរជាខ្លាំង។
យោងទៅតាមគណនីហ្វេសប៊ុកឈ្មោះ Thou បានរៀបរាប់ថា៖ « ខ្ញុំបាទឈ្មោះ ឌឿ វិសាល ខ្ញុំរៀនចប់ផ្នែកបរិញ្ញាបត្រថែទាំវិជ្ជសាស្រ្ត ខ្ញុំមិនមែនជាបុគ្គលិករបស់រដ្ឋទេ តែខ្ញុំមានបទពិសោធន៍ធ្វើការចំនួន 7ឆ្នាំហើយ ថ្ងៃនេះក្រសួងសុខាភិបាលត្រូវការពេទ្យដើម្បីត្រៀមប្រយុទ្ធនិងជំងឺ Covid 19 ខ្ញុំបាទស្ម័គ្រចិត្តចូលរួមដោយកិត្តិយសនឹងក្តីពេញចិត្តបំផុត 🙏 ខ្ញុំនឹងមិនរុញរាក្នុងការជួយថែទាំប្រជាជនខ្មែរយើងទេ 🙏 សុំកំលាំងចិត្តផងបងប្អូន »។
គួរឱ្យដឹងផងដែរថា ការស្ម័គ្រចិត្តចូលរួមដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 នេះអាចចុះឈ្មោះនៅក្រសួងសុខាភិបាលជាន់ផ្ទាល់ដី ស្ថិតនៅដីឡូតិ៍លេខ៨០ វិថីសម្តេច ប៉ែន នុត (២៨៩) រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាមរបស់លោក ហ៊ុយ ឆេងតារាភ័ក្រ្ត តាមទូរសព្ទលេខ ០៧៦ ៨៨៨ ៩១១៨។ ដោយក្រសួងបញ្ជាក់ថា ក្រោយពីចុះឈ្មោះ គ្រូពេទ្យស្ម័គ្រចិត្ត នឹងទទួលការបណ្តុះបណ្តាលបន្ថែមនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលមានទីតាំងនៅក្នុងបរិវេណក្រសួងសុខាភិបាល៕