បង់ក្លាដែស ៖ យោងតាមសារព័ត៌មាន The Star Online មានការប្រមូលផ្តុំគ្នាមួយដែលបានធ្វើឡើងនៅថ្ងៃទី ១៨ ខែមីនា របស់អ្នកកាន់សាសនាឥស្លាមដើម្បីសូត្រខគម្ពីរព្យាបាល Qur’an និងធ្វើការបន់ស្រន់ ដើម្បីបញ្ចប់ការរាតត្បាតវីរុសកូវីដ១៩ ជាសកល។
លោក Tota Miah ដែលជាស្នងការប៉ូលីសបានមានប្រសាសន៍ថា អ្នករៀបចំព្រឹត្តិការណ៍នេះមិនបានទទួលការអនុញ្ញាតជាផ្លូវការទេ។ លោកប៉ាន់ស្មានថាអាចមានមនុស្សចូលរួម ១០ ០០០ នាក់ ប៉ុន្តែអ្នករៀបចំកម្មវិធីបានអះអាងថាមានរហូតដល់ទៅ ២៥ ០០០ នាក់។
លោក Obaidul Quader សមាជិកជាន់ខ្ពស់មកពីគណបក្ស Awami League ដែលកំពុងកាន់អំណាចនៅក្នុងប្រទេសបង់ក្លាដែសបានថ្លែងថា ការចាក់សោរប្រទេសអាចត្រូវបានអនុវត្តជាវិធានការត្រួតពិនិត្យមេរោគកូវីដ-១៩។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកបានមានប្រសាសន៍ថា “បើចាំបាច់ បង់ក្លាដែសនឹងត្រូវបិទទ្វារប្រទេស ហើយនឹងត្រូវបានអនុវត្តនៅពេលចាំបាច់។ ពលរដ្ឋនឹងត្រូវបានសង្គ្រោះជាមុន។ យើងនឹងធ្វើអ្វីគ្រប់យ៉ាងសម្រាប់រឿងនោះ”។
គិតត្រឹមថ្ងៃទី ១៩ ខែមីនា ប្រទេសបង់ក្លាដែសត្រូវបានគេរាយការណ៍ថាមានករណីឆ្លងវីរុសកូវីដ១៩ចំនួន ១៤ ករណី។
ការប្រមូលផ្ដុំនេះបានធ្វើឡើងនៅថ្ងៃតែមួយ ដូចជាការជួបជុំដ៏ធំមួយផ្សេងទៀតនៅប្រទេសឥណ្ឌូនេស៊ីដែរ ដែលត្រូវបានគេរិះគន់ផងដែរថាវាជាហានិភ័យនៃការចម្លងវីរុសកូវីដ១៩។ អ្នករៀបចំព្រឹត្តិការណ៍នោះបានបដិសេធសំណើឲ្យពន្យាពេលក្នុងការធ្វើសកម្មភាពជួបជុំរបស់ពួកគេពីអាជ្ញាធរឥណ្ឌូនេស៊ី។ ពួកគេចូលរួមពីក្រុមអ្នកដើរតាម Tablighi Jama ដូចគ្នាដែលបានរៀបចំការប្រមូលផ្តុំដ៏ធំមួយនៅក្នុងប្រទេសម៉ាឡេស៊ីដែលទាក់ទងនឹងការផ្ទុះឡើងនៃការចម្លងវីរុសកូវីដ១៩ ៕
ប្រភព ៖ Freemalaysiatoday