លោក Francisco Garcia ដែលគ្រប់គ្នាបានស្គាល់ថា គឺជាគ្រូបង្វឹកផង និងជាកីឡាករផង នៅក្នុងក្លិប Atletico Portada Altaដែលមានមូលដ្ឋាននៅទីក្រុង Malaga ប្រទេសអេស្ប៉ាញ ត្រូវបានព័ត៌មានជាផ្លូវការឱ្យដឹងថាបានទទួលមរណភាពហើយដោយសារតែវីរុស Covid-19 ។
លោកគឺជាយុវជនមួយរូបដែលទើបតែមានអាយុ ២១ ឆ្នាំតែប៉ុណ្ណោះ ហើយការស្លាប់របស់លោក អាចនិយាយបានថាជាជនរងគ្រោះដែលមានអាយុតិចជាងគេបង្អស់ដែលស្លាប់ដោយសារតែវីរុស Covid-19 នៅក្នុងទ្វីបអឺរ៉ុប។ យោងតាមព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា លោក Francisco Garcia ក្រោយពីបានផ្ទុកវីរុស Covid-19 ក៏ត្រូវបានគេដឹងថាមានជំងឺមហារីកក្នុងខ្លួនផងដែរ ដែលហេតុផលនេះហើយបានធ្វើឱ្យស្ថានភាពជំងឺរបស់លោក មានសភាពធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតបែបនេះ។
គួរឱ្យដឹងផងដែរថា ប្រទេសអេស្ប៉ាញទើបតែមានការប្រកាសអាសន្នក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយតែប៉ុណ្ណោះ តែបានក្លាយទៅជាប្រទេសទី២នៅក្នុងទ្វីបអឺរ៉ុបដែលមានករណីឆ្លងវីរុស Covid-19 ច្រើនជាងគេ ដោយពេលនេះករណីផ្ទុកវីរុសចំនួន 8,000 ករណី និងមានចំនួនអ្នកស្លាប់ដល់ទៅ 297 នាក់ឯណោះ៕
ប្រភព៖ DailyMail