សព្វថ្ងៃនេះវីរុសកូរ៉ូណាថ្មី Covid-19 បាននឹងកំពុងតែរាលដាលខ្លាំងទូទាំងពីភពលោក សូម្បីតែប្រទេសជឿនលឿនក៏ស្ទើរតែទប់ស្កាត់វីរុសនេះមិនបានដែរ។ ជាក់ស្តែងសូម្បីតែប្រទេសកម្ពុជាយើង មានអ្នកផ្ទុកវីរុសនេះដល់ទៅ ១២ករណី។
ដើម្បីបញ្ជៀសពីរោគរាតត្បាតនៃ វីរុស Covid-19 ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីប្រកាសឱ្យសិស្ស និងនិស្សិតធ្វើការឈប់សម្រាកវិស្សមកាលតូចមុនពេលកំណត់ ដើម្បីធ្វើការសម្រាកថែទាំសុខភាពនៅផ្ទះ តែអ្នកធ្វើការនៅតែបន្តកិច្ចជាប្រចាំដដែល។
តើអ្នកធ្វើការមានសួតដែកឬ? ទេ! អ្នកក៏ត្រូវតែចេះមានវិធានការដើម្បីការពារខ្លួនផងដែរ ព្រោះការងារគឺជាឆ្នាំងបាយ គឺជាប្រាក់ខែចិញ្ចឹមជីវិត ឯកិច្ចការក៏ត្រូវមានទំនួលខុសត្រូវ ហើយក៏ជាសេដ្ឋកិច្ចសងស្គមជាតិទាំងមូលផងដែរ។ ទោះមិនអាចឈប់សម្រាកដូចគេ តែអ្នកក៏អាចអនុវត្តការពារសុខភាពផងដែរ។
តោះ! ដូច្នេះអ្នកធ្វើការ Office ត្រូវដឹងពីវិធានការការពារខ្លួន ទាំងនេះជាបទពិសោធពីប្រទេសចិន “តើទៅធ្វើការយ៉ាងណា ឱ្យរួចផុតពីគ្រោះភ័យ COVID-19?”
ប្រទេសចិនបានណែនាំវិធីប្រតិបត្តិខ្លួន នៅពេលត្រូវទៅធ្វើការក្នុងអំឡុងការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ដោយបានចែករំលែកយ៉ាងលម្អិត តាំងពីវិធីធ្វើដំណើរទៅធ្វើការ ការស្ថិតនៅក្នុងកន្លែងធ្វើការ ពេលសម្រាកថ្ងៃត្រង់ រួមទាំងពេលចេញពីធ្វើការទៀតផង។
# ក្នុងអំឡុងពេលធ្វើដំណើរទៅធ្វើការ
-ចូរពាក់ម៉ាស់អនាម័យការពារជាប់ជានិច្ច
វិធីដែលល្អបំផុតក្នុងការទៅធ្វើការ គឺការធ្វើដំណើរដោយថ្មើរជើង ឬធាក់កង់
-បើត្រូវប្រើសេវារថយន្តក្រុងសាធារណៈ ចូរឈរ ឬអង្គុយនៅក្នុងចម្ងាយពីអ្នកដទៃយ៉ាងតិចពី1-2ម៉ែត្រ
# ពេលទៅដល់កន្លែងធ្វើការ
-បើ Office នៅជាន់លើ ចូរប្រើជណ្ដើរជើង(កុំជិះជណ្ដើរយន្តប្រអប់)
-តែបើមិនអាចចៀសរួច ពេលឡើងតាមជណ្ដើរយន្តប្រអប់ ចូរពាក់ម៉ាស់អនាម័យការពារ និងព្យាយាមកុំ
ប៉ះពាល់អ្វីផ្សេងៗដែលនៅក្នុងនោះ។
# ក្នុងអំឡុងពេលធ្វើការ
-ចូរពាក់ម៉ាស់អនាម័យការពារជាប់ជានិច្ច
-សម្អាតចំណុចដែលមានមនុស្សម្នាប្រើប្រាស់ច្រើន និងសម្អាតវត្ថុដែលប្រើរួមគ្នា យ៉ាងតិចឱ្យបាន 1ថ្ងៃ 1ដង
- ឧស្សាហ៍បើកបង្អួចឱ្យបានញឹកញាប់ ដើម្បីឱ្យខ្យល់អាកាសបក់ចេញ-ចូល
- បិទប្រព័ន្ធម៉ាស៊ីនត្រជាក់រួម(Central air conditioning) ឬបើកជាប្រព័ន្ធឱ្យបឺតខ្យល់ខាងក្រៅចូលមកផ្លាស់ប្ដូរផង
-ប្រើប្រព័ន្ធការទំនាក់ទំនងតាមរយៈអនឡាញ
- ចៀសវាងការប្រជុំបែបធម្មតា ដោយងាកមកប្រើការប្រជុំបែប Video Conference ជំនួសវិញ
# ពេលសម្រាកថ្ងៃត្រង់
-ចៀសវាងពីអំឡុងពេល និងកន្លែងដែលមានមនុស្សដើរចេញ-ចូលច្រើន
-បើអាចទៅរួច ចូរទិញអាហារមកទទួលទានដោយឡែក
- លាងសម្អាតដៃឱ្យបានស្អាត មុន និងក្រោយការទទួលទានអាហារ
-ចៀសវាងការទទួលទានអាហាររួមជាមួយអ្នកដទៃ
-ផ្អាក ឬកាត់បន្ថយការជក់បារី
# ក្រោយពេលឈប់ពីធ្វើការ
- កុំចូលរួមការហូបចុក ឬជប់លៀងក្រោយពេលឈប់ពីធ្វើការ
- កុំទៅមើលខ្សែភាពយន្ត ច្រៀងខារ៉ាអូខេ ឬទៅដើរតាមហាងផ្សារទំនើប
- ផ្អាក ឬកាត់បន្ថយការជក់បារី ៕
ប្រភព៖ សារព័ត៌មានបរទេស