កាលពីមួយរយៈមុន ប្រជាជនខ្មែរទូទាំងប្រទេសផ្ទុះប្រតិកម្មជាខ្លាំង ដោយប៉ុស្តិ៍ទូរទស្សន៍ថៃមួយ បានប្រើប្រាស់រចនាបថខ្មែរនៃចម្លាក់ប្រាសាទអង្គរវត្ត និងការរំលោភសិទ្ធប្រើប្រាស់ឆាយាល័ក្ខណ៍នៃព្រះរៀមបុប្ផាទេវី ក្នុងភាពយន្តថៃមានចំណងជើង អសូរភីត อสรพิษ (អាសិរពិស) ដោយទាមទារឱ្យថៃចេញមុខសុំទោសកម្ពុជាជាបន្ទាន់ផងដែរ។
ក្រោយបន្តិចមក ខាងភាគីថៃ ក្រុមហ៊ុន One31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភាគ ទូរទស្សន៍ថៃ ក៏បានដឹងកំហុសរបស់ខ្លួន និងបានចេញមុខសុំទោសកម្ពុជាជាផ្លូវការ ដោយបានសរសេរលិខិតមួយផ្ញើមកលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ហើយបានបញ្ជាក់ថាឆាប់ៗនេះនឹងផ្ញើលិខិតមួយច្បាប់ថ្វាយសម្តេចព្រះមហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដើម្បីសម្តែងនូវកំហុសឆ្គងរបស់ខ្លួនដោយអចេតនានេះ ។
ពេលនេះខាងគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ព្រះបរមរាជវាំងបានបង្ហោះសារហើយថា មិនត្រឹមតែខាងប៉ុស្តិទូរទស្សន៍ថៃនោះទេ សូម្បីតែឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ក៏បានចេញសារលិខិតក្រាបបង្គំសុំព្រះរាជទានថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ផងដែរ ចំពោះការប្រើប្រាស់ដោយគ្មានការអនុញ្ញាតនូវព្រះឆាយាលក្ខណ៍ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ។
តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ ព្រះបរមរាជវាំង Royal du Cambodge បានឱ្យដឹងថា៖ « សារលិខិតឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា និងសារលិខិតក្រាបបង្គំសុំព្រះរាជទានលើកលែងទោសរបស់ក្រុមហ៊ុន One31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភាគ ទូរទស្សន៍ថៃ ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះការប្រើប្រាស់ដោយគ្មានការអនុញ្ញាតនូវព្រះឆាយាលក្ខណ៍ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី » ៕