អ្វីៗគ្រប់យ៉ាងសុទ្ធតែមានហេតុ និងផលជានិច្ច ដូចគេថា គ្រប់រឿងគឺសុទ្ធតែមានមុខពីរ ក៏ដូចគ្នាដែរ ក្នុងសង្គមបច្ចុប្បន្ន មនុស្សយើងហាក់មានការប្រែប្រួលយ៉ាងខ្លាំង ចំពោះការស្រឡាញ់ គឺដូចជា ប្រុសស្រឡាញ់ប្រុស ស្រីស្រឡាញ់ស្រី ប្រុសតែងខ្លួនជាស្រី ស្រីតែខ្លួនជាប្រុស ហើយមនុស្សមួយចំនួន បានគិត និងមានគំនិតអវិជ្ជមាន ឬរើសអើង មើលងាយ ប្រភេទមនុស្សដែលគាត់មិនដូចគេឯង ថាគេខុសធម្មជាតិ ថាគេឆ្កួតលីលាថែមទៀផង។
សួរថា បែបណាដែលខុសធម្មជាតិនោះ ព្រោះថា បើធម្មជាតិមនុស្ស គឺគាត់កើតមកមានបែបហ្នឹងទៅហើយ។ គ្មាននរណាម្នាក់ ចង់ឱ្យខ្លួនឯងស្ថិតក្នុងចំណុចមួយដែលឱ្យអ្នកដទៃ វិនិច្ឆយ ឬរើសអើងនោះឡើយ ប៉ុន្តែរឿងខ្លះ ពិតជាមិនអាចកែប្រែបានមែន ជាពិសេសនោះគឺ ការកែប្រែ នូវអត្តចរិតពីកំណើត ឬធម្មជាតិរបស់ខ្លួន ហើយវាក៏រឹតតែពិបាក ដែលត្រូវកុហក និងមិនទទួលស្គាល់ការពិតរបស់ខ្លួនឯង ព្រោះតែខ្លាចអ្នកជុំវិញសើចចំអក ឡកលើយ និងរើសអើងនេះ។
ដូចដែលបាននិយាយអ៊ីចឹង មិនមានអ្វីដែលខុសទាស់នោះឡើយ ស្រីធ្វើជាប្រុស ប្រុសតែងខ្លួនជាស្រី ស្រីស្រឡាញ់ស្រី ឬប្រុសស្រឡាញ់ប្រុស ពួកគាត់មិនបានខុសនោះទេ ហើយពួកគាត់ក៏មិនបានខុសធម្មជាតិនោះដែរ ព្រោះតែនេះជាធម្មជាតិរបស់គាត់ពីកំណើតមកបែបហ្នឹង។ ប៉ុន្តែក៏មានមនុស្សមួយភាគតូច ដែលគាត់ប្រែប្រួល ផ្លាស់ប្ដូរ ព្រោះតែបរិស្ថាន ឬមនុស្សជុំវិញខ្លួន ឬអាចមកពីដំណើរជីវិតដែលគាត់បានឆ្លងកាត់កន្លងមក ក៏អាចជាមូលហេតុធ្វើឱ្យមនុស្សផ្លាស់ប្ដូរបានដែរ។
តែទោះជាយ៉ាងនេះក្ដី ការប្រែប្រួលមួយនេះ វាក៏មិនមានទោស ឬកំហុសនោះឡើយ ព្រោះនេះជាការសម្រេចចិត្ត ជ្រើសផ្លូវជីវិតរបស់ពួកគាត់ ជាមនុស្ស គឺមានការសម្រេចចិត្ត និងជ្រើសផ្លូវដើររៀងៗខ្លួន សំខាន់ គាត់មិនបានទៅធ្វើបាប ឬបំផ្លាញអ្នកណា។ មួយវិញទៀត កុំរើសអើង ឬស្អប់ខ្ពើមមើលងាយគេ ជួនកាល ពួកគាត់អាចមានកំណើតជាងមនុស្សដែលតាំងខ្លួនថាត្រូវធម្មជាតិមួយចំនួនថែមទៀតផង៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ