មនុស្សស្រីខ្លាចបំផុតហើយជីវិតគ្រួសារបែកបាក់ នាងស្អប់ខ្ពើមណាស់ដែលមានឈ្មោះថាជាស្រីមេម៉ាយ ព្រោះវាចំណាយមាត់ញាតិជិតខាង ខ្មាសបងប្អូនសន្ដានខ្លួនឯង គ្មានស្រីណា ប្រាថ្នាឱ្យជីវិតគូប្រេះឆាឡើយ តែបើនាងជ្រើសបានប្ដីមិនល្អ ប្ដីមិនកំណើត ធ្វើបាបចិត្ត បំផ្លាញទ្រព្យសម្បត្តិហើយ តើឱ្យនាងនៅទ្រាំយកកម្មមែនទេ បើមិនលែង នៅធ្វើអីទៀត ?
ជាតិជាស្រីមេម៉ាយ ហត់កាយ តែយ៉ាងណាក៏មិនគ្រាំចិត្ត ហត់នឿយ លំបាកមែនពិត ជីវិតក៏អាចរស់នៅក្រៅគុកនៃជីវិតគូកម្មដែរ មិនបាច់ត្រូវទៅទ្រាំគ្រាំចិត្ត ហត់ចិត្ត ហត់គំនិតនឹងដៃគូដែលមិនសមប្រកប រស់នៅមេម៉ាយខំប្រឹងស្វះស្វែងដោយខ្លួនឯងវាក៏មានសេរីភាព។
ចិត្តមនុស្សស្រីដែលឈឺចាប់ឆ្អែតឆ្អន់នឹងជីវិតប្ដីប្រពន្ធដែលមិនសមប្រកប នាងហ៊ាននយាយថា សុខចិត្តមានឈ្មោះជាស្រីមេម៉ាយ ល្អជាងចំណាយជីវិតចោល ឱ្យរស់នៅលើគំនរទុក្ខសោកមួយជីវិត។ រស់នៅម្នាក់ឯង ហត់នឿយម្នាក់ឯង លំបាកម្នាក់ឯង វាប្រសើរជាងរស់នៅមានគ្នា វេទនាចិត្តដោយសារគេ ឈឺចាប់ព្រោះតែគេ ដេកចាំផ្លូវគេមកផ្ទះយប់ៗរាល់យប់ ហត់ចិត្ត នឿយគំនិត ឈប់សន្សំកម្មនឹងជីវិតគូនេះហើយ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ