មនុស្សស្រីទោះបីនាងរឹងមាំ ចិត្តធ្ងន់ ពូកែអត់ធ្មត់ប៉ុនណាក៏ដោយ ក៏នាងនៅតែមានកូនចិត្តចេះខឹង ចេះអន់ចិត្ត ចេះតូចចិត្តដូចតែគ្នា មនុស្សស្រីណា ក៏ដូចមនុស្សស្រីណាដែរ។ ប៉ុន្តែមានមនុស្សស្រីមួយចំនួន បើទោះជាគាត់ខឹង ឬអន់ចិត្តប៉ុនណាក៏ដោយ ក៏គាត់មិននិយាយ ឬរករឿងឈ្លោះជាមួយអ្នកដែរ នេះក៏ព្រោះតែនាងមានហេតុផលមួយចំនួន ទើបនាងសុខចិត្តស្ងៀមស្ងាត់។
ចំណុចខាងក្រោមនេះ គឺជាមូលហេតុដែលធ្វើឱ្យនាងមិននិយាយ មិនរករឿង គ្រប់ពេលដែលនាងខឹង និងអន់ចិត្ត ៖
១. នាងមិនចូលចិត្តនិយាយច្រើន
មនុស្សស្រីខ្លះ គាត់មិនចេះនិយាយច្រើនទេ ជាពិសេសគឺ គាត់មិនចូលចិត្តរករឿង មិនចង់ឈ្លោះប្រកែក គាត់ដឹងថា រឿងខ្លះ ពេលខឹង ពេលអន់ចិត្ត បើកាន់តែនិយាយសួរនាំ វានឹងរឹតតែមានបញ្ហាធំកើតឡើង ទើបនាងសុខចិត្តមិននិយាយអ្វីទាំងអស់។
២. នាងចង់ឱ្យអ្នកគិត និងដឹងដោយខ្លួនឯង
ជាធម្មតា ទាល់តែយើងធ្វើអ្វីខុស ឬធ្វើអ្វីឱ្យទើសចិត្តនាង បានជានាងខឹង និងអន់ចិត្ត តែនាងមិននិយាយ ក៏ព្រោះតែនាងចង់ឱ្យអ្នកគិតមើល ត្រិះរិះពីកំហុសរបស់អ្នកដោយខ្លួនឯង ធំៗអស់ហើយ មិនចាំបាច់ឱ្យនិយាយដដែលៗ ដូចម៉ែចាំតែរអ៊ូប្រដៅកូននោះទេ។
៣. ព្រោះនាងហត់នឿយចិត្តខ្លាំង
មនុស្សស្រីខ្លះ បើគាត់លែងចង់និយាយស្ដី ឬរអ៊ូរទាំហើយនោះ គឺមានន័យថា នាងកំពុងតែហត់ចិត្តនឹងកំហុសដដែលៗរបស់អ្នក នាងធុញនឹងរអ៊ូដាក់អ្នកហើយ ទើបនាងខ្ជិលនិយាយ ខ្ជិលរអ៊ូ គឺមានតែបណ្ដោយតាមហ្នឹងទៅ។
៤. ព្រោះនាងជាមនុស្សនឹងន មានហេតុផល
នៅពេលដែលមនុស្សស្រីម្នាក់ មិននិយាយ មិនរអ៊ូច្រើន មិនរករឿងឈ្លោះ នៅពេលដែលនាងខឹង ឬអន់ចិត្ត នោះមានន័យថា នាងមានកម្រិតនៃការយល់ដឹងបានច្រើន ជាមនុស្សនឹងន មានហេតុផលច្បាស់លាស់ មិនចេះរករឿងផ្ដេសផ្ដាសទេ។
៥. នាងចង់ឱ្យអ្នកខ្លាច និងគោរពនាង
មនុស្សស្រីដែលអាចធ្វើឱ្យដៃគូខ្លាច និងគោរពនាងបាន គឺមានតែមនុស្សស្រីស្ងៀមស្ងាត់ នឹងប៉ុណ្ណោះ ព្រោះភាពស្ងៀមស្ងាត់របស់នាង គឺបញ្ជាក់ថា នាងជាមនុស្សថ្លៃថ្នុរ និងចេះដឹងខ្ពស់ ការខឹង រករឿងឈ្លោះ មិនមែនជាដំណោះស្រាយល្អនោះឡើយ ម្យ៉ាងវិញទៀត នាងចង់ឱ្យអ្នកខ្លាចក្រែងចិត្តនាង ល្អជាងស្រែកឡូឡា រករឿង មានតែរឿងឈ្លោះ អត់ប្រយោជន៍។
៥ចំណុចខាងលើនេះ អាចជាមូលហេតុដែលធ្វើឱ្យមនុស្សស្រីមិនចូលចិត្តនិយាយស្ដី រករឿងឈ្លោះ គ្រប់ពេលដែលនាងខឹង និងអន់ចិត្ត នាងសុខចិត្តជ្រើសយកភាពស្ងៀមស្ងាត់ មកដោះស្រាយ តែកុំភ្លេចថា មនុស្សស្រីបែបហ្នឹងក៏ពិបាកផ្គាប់ចិត្តណាស់ ហើយក៏ជាមនុស្សចិត្តដាច់ដូចគ្នាដែរ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ