ករណីទាហានថៃ បើកការបាញ់ប្រហារដោយកំរោលកាលពីថ្ងៃទី ៨ និងទី ៩ ខែកុម្ភៈ ឆ្នាំ ២០២០ នៅតាមផ្លូវ និងចាប់ចំណាប់ខ្មាំងនៅផ្សារទំនើប Terminal 21 ក្នុងខេត្ត Nakhon Ratchasima ឬ កូរ៉ាត់ បានធ្វើឱ្យគ្រប់គ្នាកក្រើកភ្ញាក់ផ្អើល ព្រោះតែមានមនុស្សស្លាប់ និងរបួសជាច្រើនគួរឱ្យសង្វេក។
នៅក្នុងហេតុការណ៍នេះ មានមនុស្សជាច្រើនបានរងរបួស និងស្លាប់ ឯអ្នកខ្លះក៏បានរួចខ្លួនមានជីវិតព្រោះតែបានសំងំលាក់ខ្លួន រហូតទទួលបានការជួយសង្គ្រោះពីសំណាក់ក្រុមប៉ូលីស ដោយក្នុងចំណោមអ្នកស្លាប់នោះមាននាយប៉ូលីសម្នាក់បានស្លាប់ទៀតផង។
អ្វីដែលកាន់តែរន្ធត់ទៀតនោះ គេក៏បានដឹងផងដែរថា ក្នុងហេតុការណ៍នេះមានក្មេងប្រុសក្លាហានអាយុ ១៨ឆ្នាំម្នាក់ឈ្មោះ Ativa បានប្តូរជីវិតខ្លួនឯងរហូតបានជួយសង្គ្រោះអាយុជីវិតមនុស្សបានដល់ទៅ ៨នាក់ ដែលសំងំលាក់ខ្លួននៅក្នុងផ្សារទំនើបមួយនេះ។
ដោយនៅក្នុងពេលកើតហេតុដែលរៀបនឹងបញ្ចប់ហើយនោះ ក្រោយពេលប៉ូលីសសម្រុកចូល ជនដៃដល់បានរត់ភៀសខ្លួនពីការចាប់របស់ប៉ូលីស រហូតគេចមកជាន់បន្ទប់ស្តុក ដែលផ្ទុករបស់កកនៅក្នុងផ្សារទំនើប ដែលជាកន្លែងលាក់ខ្លួនរបស់មនុស្ស ៨នាក់ រួមទាំង Ativa ផងដែរ ពេលនោះ Ativa ក៏បានចេញមុខមករាំងទ្វារមិនឱ្យជនល្មើសចូលមកក្នុងបន្ទប់នោះទេ ហើយក្រោយពីប្រយុទ្ធបានបន្តិច ជនល្មើសបានបាញ់ទៅលើ Ativa រហូតដួលដេកនឹងដី តែភាពក្លាហានរបស់ Ativa បានធ្វើឱ្យមនុស្សដែលបានលាក់ខ្លួនទាំង ៨នាក់នេះ រួចជីវិតរកច្រកផ្លូវចេញឃើញ។
ក្រោយហេតុការណ៍ដ៏តក់ស្លុតនេះ Ativa ត្រូវបានគេដឹងថានៅមានជីវិត និងបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែក៏បានបាត់បង់ជីវិតតែម្តងទៅ។ លោកយាយរបស់ Ativa បានយំស្រែកយ៉ាងខ្លាំងនិងបានរៀបរាប់ថា Ativa មានអាយុ ១៨ឆ្នាំ និងទើបតែបញ្ចក់ការសិក្សាថ្នាក់វិទ្យាល័យប៉ុណ្ណោះ ដោយមានម្តាយជាអ្នកសម្អាតនៅផ្សារទំនើបមួយនេះ។
Ativa ត្រូវបានលោកយាយនិយាយថាជាក្មេងល្អ ស្ងប់ស្ងាត់ និងស្តាប់បង្គាប់ណាស់ ហើយលោកយាយមិននឹកស្មានថា Ativa ដែលជាក្មេងមានចរិតអៀនប្រៀនមិនសូវនិយាយស្តីបែរជាមានភាពក្លាហានខ្លាំង ហ៊ានលះបង់ជីវិតការពារមនុស្សរហូតបាត់បង់ជីវិតខ្លួនឯងទាំងអាយុក្មេងខ្ចីឡើយ ។ Ativa ពិតជាវីរបុរសពិតនៅក្នុងសង្គមពិតមែន សូមឱ្យវិញ្ញាណក្ខនឌប្អូនទៅកាន់សុគតិភពចុះ ៕
ប្រភព៖ worldofbuzz