តើគួរធ្វើម៉េច ដើម្បីឱ្យជីវិតនេះមានលំនឹង ឈប់អស់សង្ឃឹម បាក់ទឹកចិត្ត អារម្មណ៍លែងវិលវល់ហេលហាល?

ជឿថា មានមិត្តៗយុវវ័យជាច្រើន តែងតែមានអារម្មណ៍អស់សង្ឃឹម និងបាក់ទឹកចិត្ត ជីវិតហេលហាលគ្មានលំនឹង ពេលខ្លះថែមទាំងគិតថា ជីវិតហ្នឹង មិនដឹងថាត្រូវរស់នបន្តដើម្បីអ្វី? ច្បាស់ណាស់ថា ជីវិតអ្នកពេលនេះ ក៏ព្រោះតែមិនចេះពេញចិត្តនឹងអ្វីដែលខ្លួនមាន និងកំពុងធ្វើ ឬក៏កំពុងតែធុញទ្រាន់នឹងការប្រើប្រាស់ជីវិតសព្វថ្ងៃនេះណាស់។

ក្រៅពីវិធីរៀនគ្រប់គ្រងចិត្តគំនិត និងពេញចិត្តនឹងអ្វីដែលខ្លួនមាន ឬពេញចិត្តនឹងអ្វីដែលខ្លួនធ្វើ អ្នកគួរតែចាប់ផ្ដើមស្វែងរករបស់អ្វីដែលសំខាន់ និងចាំបាច់បំផុតឱ្យជីវិតនេះ ដើម្បីយកមកធ្វើជាមេបង្គោល ឱ្យខ្លួនឯងមានកម្លាំងចិត្ត និងខំប្រឹងបន្ត ដោយស្នាមញញឹម ក្ដីសង្ឃឹម និងភាពរីករាយ។

63c53b184fb56b735d7fd2e6c1ecbaba

១. អ្នកគួរតែធ្វើការងារមួយដែលអ្នកស្រឡាញ់ខ្លាំង

ពេលខ្លះ អារម្មណ៍យើងហេលហាល ចេះតែស្មុគ ចេះតែធុញទ្រាន់ ក៏ព្រោះតែយើងកំពុងតែធ្វើនូវអ្វីដែលខ្លួនឯងមិនស្រឡាញ់ គឺមានន័យថា យើងកំពុងតែបង្ខំខ្លួនឯង ដូច្នេះការបង្ខំ មិនថាការស្រឡាញ់ ឬការធ្វើការក៏ដោយ វាមិនមានលទ្ធផលល្អទេ។ ប៉ុន្តែបើយើងធ្វើនូវអ្វីដែលខ្លួនឯងស្រឡាញ់ពេញចិត្ត នោះជីវិតយើងនឹងលែងហេលហាល ចិត្តយើងក៏លែងជ្រួលច្របល់ដែរ អ្វីដែលសំខាន់ យើងនឹងធ្វើដោយទំនុកចិត្ត មិនថាលទ្ធផលបែបណា យើងក៏បានសមតាមចិត្តខ្លួនឯងដែរ។

២. ផ្ដោតចិត្តស្រឡាញ់មនុស្សតែម្នាក់

ការស្រឡាញ់ដែលមិនច្បាស់លាស់ ការទាក់ទងមនុស្សច្រើនក្នុងពេលតែមួយ ក៏ជាបញ្ហានាំឱ្យអារម្មណ៍យើងច្របូកច្របល់ មិននឹងនដែរ ដូច្នេះ គួរតែរកមនុស្សម្នាក់ដែលច្បាស់លាស់ ប្រាកដប្រជា ស្រឡាញ់ស្មោះ ទោះម្នាក់នោះមិនស្រឡាញ់អ្នកវិញ ឱ្យតែអ្នកស្រឡាញ់គេពិត នោះអ្នកនឹងមានកម្លាំងចិត្ត ហើយចេះប្រឹងប្រែង ដើម្បីមនុស្សដែលខ្លួនស្រឡាញ់។ អំណាច ឬឥទ្ធិពលនៃក្ដីស្រឡាញ់ អាចឱ្យមនុស្សយើងកែប្រែឆាកជីវិតបានច្រើនណាស់។

83661812_2825449504168263_6436987569505828864_o

៣. ឈប់ខ្វល់ពីអ្នកដទៃច្រើនជាងខ្លួនឯង

ការផ្ដោតអារម្មណ៍ទៅនឹងអ្នកដទៃពេក ខ្វល់តែពីគេពេក អ្នកនឹងមិនមានចិត្ត មានអារម្មណ៍ចង់ធ្វើអ្វីៗដើម្បីខ្លួនឯងឡើយ នោះហើយក៏ជាដើមហេតុ ដែលធ្វើឱ្យអ្នកលែងមានជំនឿ និងលែងឱ្យតម្លៃដល់ខ្លួនឯងដែរ។ ពេលនោះ​ អ្នកដទៃងាយនឹងធ្វើឱ្យអ្នកប៉ះទង្គិចចិត្ត និងអារម្មណ៍ណាស់ អ្នកឆាប់ខឹង ឆេវឆាវ និងខកចិត្តស្ទើរតែគ្រប់ពេលវេលា។

មិនដឹងទេថា ចំណុចទាំង៣ខាងលើនេះ ត្រូវប៉ុន្មានភាគរយ ខុសប៉ុន្មានភាគរយទេ តែវាក៏សុទ្ធតែជាចំណែក ដែលធ្វើឱ្យអ្នកគួរតែផ្លាស់ប្ដូរឱ្យបានដែរ៕

84088391_2825448747501672_141838541876363264_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ