បើគិតដល់ចំណុចនេះ ក៏ប្រហែលជាមានមនុស្សជាច្រើន មិនសូវជាសប្បាយចិត្ត ឬមានទំនុកចិត្តចំពោះទំនាក់ទំនងឡើយ។ ទំនាក់ទំនងមួយ ទោះស្គាល់គ្នាយូរប៉ុនណា ទាក់ទងគ្នាច្រើនឆ្នាំយ៉ាងណា ក៏មិនប្រាកដថា អាចស្គាល់ចិត្តថ្លើមគ្នាច្បាស់នោះដែរ។
ប៉ុន្តែ ចំពោះស្នេហាមួយ ការស្រឡាញ់មួយដែលពិតប្រាកដ គឺប្រាកដជាអាចជឿជាក់ និងទុកចិត្តលើគ្នាបានថា នឹងមិនក្បត់គ្នាក្រោយខ្នង មិនលួចលាក់ទាក់ទងអ្នកផ្សេង ធ្វើបាប ឬផិតគ្នានោះឡើយ។ ប៉ុន្តែសួរថា តើអាចជឿជាក់ និងទុកចិត្តបានប៉ុន្មានភាគរយ ថាគេនឹងមិនក្បត់យើង? គេមិនបានលួចលាក់ទាក់ទងអ្នកផ្សេង? គេមិនមានចិត្តឱ្យអ្នកផ្សេងនោះ?
អាចនិយាយបានថា វាពិបាកនឹងស្មានណាស់ ព្រោះគេមិនមែននៅជាមួយើង២៤ម៉ោងទេ យើងក៏មិនអាចទៅតាមដាន ឬដឹងពីគេបានគ្រប់រឿងនោះឡើយ។ យើងនឹងមិនអាចដឹងទេថា អ្នកដែលគេស្គាល់ រាប់អាន ឬទាក់ទង គ្រាន់តែជាមិត្ត ឬអ្នកស្គាល់គ្នាធម្មតា សូម្បីតែមនុស្សខ្លះ សឹងតែថា នៅជាមួយយើងគ្រប់ពេល ប្រាប់យើងគ្រប់រឿងម៉េច គេនៅតែក្បត់យើងបានដដែល តើស្នេហានេះ អាចទុកចិត្តបានប៉ុនណាទៅ?
មិនចង់ឱ្យគិតរឿងនេះទេ តែក៏ចង់សួរពីភាគរយនៃការជឿជាក់ និងទុកចិត្តលើដៃគូរបស់យើង។ តែទោះជាយ៉ាងណាក៏ដោយ ជឿទៅថា មនុស្សដែលគេស្មោះចំពោះយើង ស្រឡាញ់យើងពិត មិនថានៅចំពោះមុខ ឬក្រោយខ្នងទេ ក៏គេមិនក្បត់យើង ទៅទាក់ទងអ្នកផ្សេងនោះដែរ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ