មនុស្សយើងម្នាក់ៗ ទម្រាំតែបានជួបមនុស្សល្អ អាចត្រូវចិត្ត ស្រឡាញ់ ពេញចិត្ត មិនមែនជារឿងងាយ ឬចៃដន្យនោះឡើយ ប៉ុន្តែពេលខ្លះ មាននិស្ស័យបានជួបមនុស្សល្អ មនុស្សដែលត្រូវចិត្ត មនុស្សដែលខ្លួនស្រឡាញ់ពិតប្រាកដហើយ បែរជាមិនមានសំណាង មិនមានវាសនា បានគេជាគូជីវិត។
ត្រូវហើយ មនុស្សខ្លះ គេជាមនុស្សដែលយើងស្រឡាញ់ ពេញចិត្ត តែមិនមែនគេស្រឡាញ់ ពេញចិត្តយើងវិញនោះទេ។ ជួនកាល គេជាមនុស្សដែលយើងតាំងចិត្តពិតប្រាកដជាមួយគេ ចង់មានអនាគតមួយល្អជាមួយនឹងគេ តែគេបែរជាបានត្រឹមតែ ជាមនុស្សដើរឆ្លងកាត់ជីវិតយើងមួយរយៈពេលខ្លីតែប៉ុណ្ណោះ។
ត្រូវដឹងថា មនុស្សខ្លះ គ្រាន់តែចៃដន្យចូលក្នុងជីវិតយើង មនុស្សខ្លះ គ្រាន់តែចូលមកបង្កើតការចងចាំ ឱ្យយើងមួយរយៈតែប៉ុណ្ណឹង មិនមែនចូលមកដើម្បីក្លាយជាគូនឹងយើងនោះឡើយ។
ពេលវេលាមិនសក្តិសម ឱ្យយើងបានជួបមនុស្សដែលយើងស្រឡាញ់ ពេញចិត្ត តែគេមិនមែនចូលមកដើម្បីធ្វើជាគូជីវិតនឹងគ្នានោះទេ ពេលខ្លះ ទោះយើងបានសាងទំនាក់ទំនងល្អ មានអនុស្សាល្អជាច្រើនជាមួយគ្នាយ៉ាងណាក្ដី ក៏បានត្រឹមតែជាមនុស្សធ្លាប់ស្រឡាញ់ ឬមនុស្សអតីតតែប៉ុណ្ណោះ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ