កំហុសរបស់មនុស្សយើងគឺ មិនចេះថែមនុស្សល្អដែលនៅក្បែរខ្លួន ពេលដែលមានគេនៅក្បែរ មិនដែលមើលឃើញ និងឱ្យតម្លៃ និងផ្ដល់ក្ដីស្រឡាញ់ដល់គេឡើយ។ រហូតដល់ពេលបែក រហូតដល់ពេលមានអ្នកផ្សេងចូលមកជំនួសតំណែងដែលខ្លួនធ្លាប់មាន ទើបភ្ញាក់ខ្លួនថា កន្លងមកមិនគប្បី កន្លងមកខ្លួនធ្វេសប្រហែស ព្រងើយកន្តើយ ធ្វើឱ្យបាត់បង់គេទៅ។
ពេលដែលនៅក្បែរគ្នា ទាក់ទងគ្នា មិនដែលមានចិត្តស្រឡាញ់ ចេះត្រឹមតែបណ្ដែតបណ្ដោយ ហើយធ្វើឱ្យដៃគូឈឺចាប់ និងខូចចិត្តតែប៉ុណ្ណោះ ដល់ពេលមួយដែលគេបានជួបអ្នកក្រោយ ដល់ពេលដឹងថា មានអ្នកផ្សេងកំពុងតែទាក់ទងគេ ដល់ពេលដែលគេបានទៅអ្នកផ្សេង ទើបដឹងថា ខ្លួនស្រឡាញ់គេខ្លាំងប៉ុនណា សោកស្ដាយ មានវិប្បដិសារីខ្លាំងយ៉ាងណា ដែលត្រូវបាត់បង់គេទៅ។ ចង់ឱ្យគេវិលត្រឡប់មកវិញ តែវាមិនអាចទេ គេបានជួបអ្នកថ្មីហើយ គេរកក្ដីសុខ សុភមង្គលពិតប្រាកដឃើញហើយ អ្នកក្រោយគេល្អ គេស្មោះ គេចេះស្រឡាញ់ ចេះមើលថែ មិនមែនដូចយើង មើលមិនឃើញពីតម្លៃគេ មិនចេះខ្លាចបាត់បង់គេនោះទេ។
ចូរថែរក្សា ការពារ ផ្ដល់ក្ដីស្រឡាញ់ ការថ្នាក់ថ្នម ដល់មនុស្សដែលនៅក្បែរឱ្យបានល្អ កុំព្រងើយកន្តើយដាក់គ្នា កុំឱ្យដល់ពេលបាត់បង់ ទើបស្ដាយក្រោយ វាហួសពេលហើយ មានមនុស្សល្អៗនៅក្បែរ មានមនុស្សល្អៗឱ្យស្រឡាញ់ ត្រូវតែចេះថែរក្សាឱ្យបានល្អ កុំឱ្យបាត់បង់ឱ្យសោះ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ