អ្នកជំនាញផ្នែកសេដ្ឋកិច្ចវិទូលោក Warwick McKibbin បានធ្វើការព្យាករណ៍ថាការកើតមានវីរុសកូរ៉ូណា នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកច្រើនជាងអំឡុងពេលកើតមានវីរុស SARS កាលពីឆ្នាំ ២០០៣ ដល់ទៅ ៣ ឬ ៤ ដងឯណោះ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg, សេដ្ឋកិច្ចវិទូខាងលើបានសង្កត់ធ្ងន់ថាសេដ្ឋកិច្ចរបស់ប្រទេសចិនហាក់មានការកើនឡើងខ្លាំងនៅរយៈពេល ១៧ ឆ្នាំចុងក្រោយនេះ ដែលនឹងរុញឲ្យទំហំប៉ះពាល់ទាំងមូលក៏ខាតបង់ធំទៅតាមនោះដែរ។
លោក McKibbin បានថ្លែងប្រាប់ថា៖ "តួលេខនៃការស្លាប់មិនមែនជាអ្វីដែលគួរឲ្យខ្លាចទេ តែការប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទេជារឿងដ៏គួរឲ្យខ្លាចបំផុត"។
នៅឆ្នាំ ២០០៣ អំឡុងពេលកើតមានវីរុស SARS ទំហំខាតបង់សរុបប្រហែល ៤០ ពាន់លានដុល្លារអាមេរិក ដោយឡែកនៅឆ្នាំ ២០២០ នេះ អាចនឹងប៉ះពាល់ដល់ទៅ ១២០ – ១៦០ ពាន់លានដុល្លារឯណោះ។
គួរបញ្ជាក់ថាប្រទេសចិនមានចំណែក GDP លើសកលលោកសរុបត្រឹម ៤ ភាគរយប៉ុណ្ណោះនៅឆ្នាំ ២០០៣ តែមកទល់ពេលបច្ចុប្បន្នមានដល់ ១៧ ភាគរយ។ ដោយឡែកការប៉ះពាល់ផ្នែកសេដ្ឋកិច្ចនេះមិនត្រឹមតែចិនមួយនោះទេ ទៀតសោតសូម្បីតែហុងកុង កូរ៉េខាងត្បូង វៀតណាម និងជប៉ុនក៏ប្រឈមរងផលប៉ះពាល់ខ្លាំងដូចគ្នា៕
ប្រភព៖ Zing