២០២០ ជាឆ្នាំគ្រោះ ឆ្នាំដ៏អាក្រក់មិនធ្លាប់មាន ដោយត្រឹមរយៈពេលជិត ១ ខែនៃខែមករានេះ រឿងរ៉ាវជាច្រើនបានកើតឡើងឥតឈប់ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់មនុស្សរាប់លាននាក់ទូទាំងសកលលោក។ ក្នុងនោះមានទាំងករណីភ្លើងឆេះព្រៃនៅអូស្រ្តាលី បន្ទុះភ្នំភ្លើងនៅហ្វីលីពីន គ្រោះទឹកជំនន់នៅឌូបៃ&ឥណ្ឌូណេស៊ី និងវីរុសវូហ្វានជាដើម។
ហេតុការណ៍អាក្រក់មួយទៀតដែលខកខានកើតមានអស់រយៈពេល ៧០ ឆ្នាំទៅហើយនោះ គឺនៅអាហ្វ្រិកខាងកើតដូចជាប្រទេសសូម៉ាលី អេត្យូពី និងកេនយ៉ាកំពុងជួបប្រទះនូវការរំខានពីហ្វូងសត្វកណ្តូលវាលខ្សាច់ដ៏ច្រើនលានក្បាល ចូលមកបំផ្លាញដំណាំរបស់អ្នកស្រុក មានតាំងពីចម្ការពោត ស្មៅផ្អែមជាដើម។
តាមរបាយការណ៍ពី The Guardian និង ABC News បានឲ្យដឹងថាការកើនឡើងដ៏ច្រើននៃសត្វកណ្តូបវាលខ្សាច់នេះ គឺដោយសារតែបម្រែបម្រួលអាកាសធាតុ រុញឲ្យសត្វល្អិតបង្កាត់ពូជកើនឡើង ៥០០ ដងឯណោះមុនពេលកើតមានអាកាសធាតុស្ងួតនាខែមិថុនាឆ្នាំទៅ។
នៅប្រទេសកេនយ៉ាបានរងផលប៉ះពាល់ពីករណីដ៏ចម្លែកនេះ ដោយដីចម្ការប្រមាណ ៧០ ០០០ ហិតាត្រូវបានបំផ្លាញដោយហ្វូងសត្វកណ្តូបវាលខ្សាច់។
https://twitter.com/i/status/1221867518710763520
បញ្ជាក់ថាអង្គការសហប្រជាជាតិបានធ្វើការព្រមានថ្មីៗនេះថាហ្វូងកណ្ដូបវាលខ្សាច់អាចនឹងរីករាលដាលដល់តំបន់មជ្ឈិមបូព៌ា និងអាស៊ីភាគខាងត្បូង (មានប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដេស ប៊ូតាន់ ឥណ្ឌា ម៉ាល់ឌីវ នេប៉ាល់ ប៉ាគីស្ថាន ស្រីលង្កា) ខណៈតំបន់អាស៊ីអាគ្នេយ៍នៅមិនទាន់លេចលឺការអាចរងផលប៉ះពាល់នៅឡើយ៕