ឆ្ងល់ទេថា ហេតុអ្វីជីវិតយើងជួបតែមនុស្សដែលមិនសមបំណង ចម្លើយមានតែមយយប៉ុណ្ណោះ គឺមកពីយើងចេះតែមើលរំលងមនុស្សដែលល្អៗ មនុស្សដែលតែងតែព្យាយាមចង់នៅក្បែរយើង តែយើងខ្លួនឯងទេ ដែលតែងតែព្យាយាមចេញឱ្យឆ្ងាយពីគេ ពេលខ្លះ យើងមិនបានស្អប់គេទេ គ្រាន់តែគេនោះ មិនមែនជាមនុស្សដែលយើងចង់ក្បែរ មិនមែនជាមនុស្សដែលយើងត្រូវការ។
យើងតែងតែនិយាយថា យើងស្រឡាញ់មនុស្សល្អ ចង់បានមនុស្សល្អចូលមកក្នុងជីវិត តែជាក់ស្ដែង ការពិតយើងតែងតែមិនខ្វល់ពីមនុស្សដែលតែងតែល្អ ស្មោះត្រង់ចំពោះយើង យើងតែងមើលរំលងមនុស្សដែលតែងតែយកចិត្តទុកដាក់ និងបារម្ភ ខ្វល់ខ្វាយពីយើង ក៏ព្រោះតែយើងមិនបានស្រឡាញ់គេ យើងមិនចាប់អារម្មណ៍នឹងគេ ឬអាចនិយាយបានថា គេម្នាក់នោះមិនមែនជាមនុស្សដែលស្ថិតក្នុងបំណង ឬក្នុងល័ក្ខខណ្ឌដែលយើងចង់បាន។
ជឿទៅថា មនុស្សយើងម្នាក់ៗ សុទ្ធតែមានមនុស្សដែលស្រឡាញ់ ស្មោះត្រង់ និងលះបងដើម្បីយើង តែផ្ទុយទៅវិញ យើងខ្លួនឯងទេ ដែលមិនចាប់អារម្មណ៍នឹងគេ យើងទៅវិញទេ ដែលមិនស្រឡាញ់គេនោះ។ មនុស្សខ្លះ ទោះគេល្អនឹងយើងប៉ុនណាក៏ដោយ ក៏យើងនៅតែមិនដឹងថាគេល្អ វាក៏ព្រោះតែគេ មិនមែនជាមនុស្សដែលស្ថិតក្នុងក្ដីស្រមៃយើង។ មនុស្សខ្លះ បានត្រឹមតែឱ្យយើងអាណិតគេ តែមិនអាចជ្រើសយកគេ យើងមិនបានស្អប់គេទេ តែយើងក៏មិនចងបានគេមកនៅក្បែរនោះដែរ នេះហើយ ជាហេតុដែលយើងមិនអាចបានជួបមនុស្សល្អ ក៏ព្រោះតែយើងមិនចេះទទួលយក និងរក្សាគេទុក ទោះគេនៅចំពោះមុខ ក៏យើងមើលមិនឃើញគេដែរ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ