មណ្ឌលគិរី ៖ ពិតជាអស្ចារ្យ និងមោទកភាពណាស់សម្រាប់ប្រទេសកម្ពុជា ដោយថ្មីៗនេះមានការសិក្សាស្រាវជ្រាវមួយរកឃើញថា នៅខេត្តមណ្ឌលគិរី មានសសរថ្មជាច្រើន ដែលគេដឹងថាជាការបន្សល់ពីកម្អែលភ្នំភ្លើងដែលចុះត្រជាក់ ក្រោយការផ្ទុះកាលពីរាប់លានឆ្នាំមុនឯណោះ។
ប្រភេទថ្មដែលរុករកឃើញនេះ ត្រូវបានគេស្គាល់ថា ជាប្រភេទថ្មបាសាល់ សេសសល់ពីកម្អែលភ្នំភ្លើង ហើយថ្មទាំងនោះមានមុខកាត់ចាប់ពី៤០សង់ទីម៉ែត្រ ដល់៦០សង់ទីម៉ែត្រ និងមានប្រវែងរហូតដល់២ម៉ែត្រ ដុះឡើងពីធម្មជាតិតាមចង្កេះភ្នំណាមលៀរ ដុះបន្ដុបលើគ្នាដូចជាមានគេរៀបជារាងដូចប្រាសាទអ៊ីចឹង ដោយតាមរយៈការសិក្សាជំហានដំបូងឱ្យដឹងថា សសរថ្មទាំងនេះ មានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។
ក្រោយការរុកឃើញដ៏អស្ចារ្យមួយនេះ ក្រុមការងារថែមទាំងមានគម្រោងរៀបចំបង្កើតជាតំ បន់អភិរក្សបេតិកភណ្ឌ«ឡាំមេះ» ដើម្បីថែរក្សាសម្បត្តិជាតិ សម្បត្តិដូនតា និងជំនឿប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ និងបោះបង្គោលកំណត់ព្រំប្រទល់ឱ្យបានច្បាស់លាស់ផងដែរ។
គួរឱ្យដឹងផងដែរថា តំបន់សសរថ្មធម្មជាតិជាច្រើនផ្ទាំងនេះ ស្ថិតនៅភូមិលេខ៥ (ភូមិឡាំមេះ) ឃុំប៊ូស្រា ស្រុកពេជ្រាដា ដែលស្ថិតក្នុងភូមិសាស្ត្រតំបន់របៀងអភិរក្សជីវចម្រុះខេត្តមណ្ឌលគិរី ដោយតាមរយៈការសាកសួរពីសហគមន៍ និងចាស់ទុំក្នុងភូមិឡាំមេះ ឱ្យដឹងថា ទីតាំងនេះជាព្រៃដំណម ដែលមិនសូវមានអ្នកហ៊ានចូលឡើយជាពិសេសប្រជាជនជាច្រើនថែមទាំងមានជំនឿលើបារមីដ៏ស័ក្ដិសិទ្ធិ នៅទីតាំងសសរថ្មនោះដែរ៕