បន្ទាប់ពីបានធ្វើការតាមដាននិងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹកនិងឧតុនិយមបានធ្វើការប្រកាសចេញនូវសេចក្តីជូនដំណឹងមួយដល់សាធារណជន ឲ្យបានជ្រាបអំពីស្ថានភាព អាកាសធាតុ សម្រាប់រដូវប្រាំងនិងដើមរដូវវស្សា ឆ្នាំ ២០២០ នេះ។
តាមការឲ្យដឹងក្នុងសេចក្តីប្រកាសរបស់ក្រសួងដែលបង្ហោះនៅមុននេះ គឺស្ថានភាពអាកាសធាតុសម្រាប់រដូវប្រាំងនិងដើមរដូវវស្សា ឆ្នាំ ២០២០ មានលក្ខណៈប្រសើរជាងកាលពីឆ្នាំ ២០១៩ កន្លងទៅ។
នារដូវប្រាំងសម្រាប់ខែមេសា អាចមានភ្លៀងធ្លាក់កក់ខែគួរសម តែបាតុភូតផ្គរ រន្ទៈ និងខ្យល់កន្រ្តាក់ ក៏មានច្រើនផងដែរ ហើយសីតុណ្ហភាពនឹងកើនឡើងខ្ពស់ ពោលគឺអាចមានសភាពក្តៅប្រហាក់ប្រហែលនឹងឆ្នាំមុន។
ចំពោះរដូវវស្សាឆ្នាំ ២០២០ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី ២ ខែឧសភា ហើយរបាយទឹកភ្លៀងនាដើមរដូវវស្សាអាចមានកម្រិតពីមធ្យមទៅបង្គួរ។ ចំពោះកូនរដូវប្រាំងអាចនឹងកើតមានឡើងនៅក្នុងសប្តាហ៍ទីពីរ នាខែកក្កដា។
យ៉ាងណាមិញក្រសួងក៏បានទទូចឲ្យប្រជាពលរដ្ឋសូមបន្តរក្សានិងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក ត្បិតអីនៅក្នុងខែមេសា និងដើមរដូវវស្សាអាចមានភ្លៀងធ្លាក់កក់ខែច្រើនជាងឆ្នាំទៅ ២០១៩ ក៏ដោយ ប៉ុន្តែបរិមាណទឹកភ្លៀងដែលធ្លាក់មកគឺមិនទាន់សមល្មមក្នុងការប្រើប្រាស់នៅឡើយ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology