អ៊ីរ៉ង់បានគំរាមបាញ់មីស៊ីលចូលដែនអ៊ីស្រាអែលនិងឌូបៃ ប្រសិនបើសហរដ្ឋអាមេរិកសងសឹកចំពោះការវាយប្រហារមីស៊ីលបាលីស្ទិករបស់ខ្លួននៅមូលដ្ឋានអ៊ីរ៉ាក់ចំនួន ២ ដែលផ្ទុកកងទ័ពអាមេរិកកាលពីយប់មិញ។
ក្រុងតេអេរ៉ង់បានបាញ់មីស៊ីលផ្លោងច្រើនជាងមួយគ្រាប់នៅឯមូលដ្ឋានអ៊ីរ៉ាក់ចំនួន ២ ដែលផ្ទុកកងទ័ពអាមេរិក ខណៈក្នុងការវាយប្រហារនេះគឺសងសឹកចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(Drone)របស់អាមេរិកដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani កាលពីថ្ងៃសុក្រ។
មូលដ្ឋានទ័ពអាកាស Ayn al Asad នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ដែលត្រូវបានលោកដូណាល់ត្រាំចូលទស្សនានៅខែធ្នូឆ្នាំ ២០១៨ និងមូលដ្ឋាន Erbil នៅអ៊ីរ៉ាក់-ឃឺដត្រូវបានវាយប្រហារដោយមីស៊ីលកាលពីថ្ងៃអង្គារវេលាម៉ោងប្រហែល ៥ និង ៣០ នាទីល្ងាច។ ឆ្មាំបដិវត្តអ៊ីរ៉ង់បានព្រមានថាអាមេរិក រួមជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ដូចជាអ៊ីស្រាអែល អារ៉ាប់ប៊ីសាអួឌីតថាពួកគេនឹងទទួលបានការសងសឹកជុំវិញការវាយប្រហារមីស៊ីលរបស់ខ្លួន ក៏ដូចជាការបំផ្ទុះគ្រាប់បែក។សារព្រមាននេះបានចេញតាមរយៈសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន IRNA ដែលគ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់។
ក្រុមឆ្មាំបដិវត្តអ៊ីរ៉ង់បាននិយាយថា៖ "យើងកំពុងព្រមានសម្ព័ន្ធមិត្តអាមេរិកទាំងអស់ដែលបានផ្តល់មូលដ្ឋានរបស់ពួកគេដល់កងទ័ពភេរវកររបស់ខ្លួនថាទឹកដីណាដែលជាចំណុចចាប់ផ្តើមនៃសកម្មភាពឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់នឹងក្លាយជាគោលដៅបាញ់មីស៊ីលនិងបំផ្ទុះគ្រាប់បែក" ។ ចំណែកប៉ុស្តិ៍ទូរទស្សន៍មួយផ្សេងទៀតរបស់ក្រុមបដិវត្តិអ៊ីរ៉ង់ក៏បានគំរាមបំផ្ទុះគ្រាប់បែកឌូបៃនិងហៃហ្វានៅអ៊ីស្រាអែលដែរ។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បាននិយាយថាការវាយប្រហារនេះគឺជាការសងសឹកសហរដ្ឋអាមេរិក ចំពោះការស្លាប់នៃមេឆ្មាំបដិវត្តរបស់ខ្លួនឧត្តមសេនីយ៍ Qassem Soleimani ដែលពិធីដង្ហែសពកាលពីថ្ងៃអង្គារនៅស្រុកកំណើតរបស់គាត់គឺ Kerman បានធ្វើឱ្យមានការអំពាវនាវខឹងសម្បារដើម្បីសងសឹកការស្លាប់របស់គាត់។មន្ទីរបញ្ចកោណនិយាយថាមីស៊ីលទាំងនោះត្រូវបានបាញ់ចេញយ៉ាងច្បាស់ពីទឹកដីអ៊ីរ៉ង់ ដើម្បីតម្រង់គោលដៅទៅលើកម្លាំងយោធានិងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់។
ប្រធានាធិបតីដូណាល់ត្រាំត្រូវបានគេរាយការណ៍យ៉ាងខ្លីអំពីការវាយប្រហារ ហើយរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mark Esper និងរដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo ត្រូវបានគេប្រទះឃើញមកដល់សេតវិមានភ្លាមៗបន្ទាប់ពីព័ត៌មាននៃការវាយប្រហារបានផ្ទុះឡើង។
យោងតាមទូរទស្សន៍អ៊ីរ៉ង់រ៉ុក្កែតដែលបានប្រើក្នុងការវាយប្រហារនោះគឺជាមីស៊ីលផ្លោងធុន Fatteh-១១០ ដែលមានចម្ងាយ ១៨៦ ម៉ាយឬ ៣០០ គីឡូម៉ែត្រ។ តាមសេចក្តីរាយការណ៍អ៊ីរ៉ង់បាននិយាយថាកងទ័ពអាកាសអ៊ីរ៉ង់បានដាក់ពង្រាយយន្តហោះចម្បាំងជាច្រើនគ្រឿង ដើម្បីល្បាតតាមដែនអាកាសនេះនៅពេលអ៊ីរ៉ង់បានព្រមានសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់កុំ ឲ្យសងសឹក។
ការសម្លាប់ Soleimani និងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ក៏ត្រូវបានកត់សម្គាល់ជាលើកដំបូងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះថាទីក្រុងវ៉ាស៊ីនតោននិងតេអេរ៉ង់បានវាយប្រហារគ្នាទៅវិញទៅមកដោយផ្ទាល់ជាជាងតាមរយៈការប្រយុទ្ធដោយទាហានថ្មើជើងនៅក្នុងតំបន់។ ពេលនេះវាបានបង្កើនឱកាសនៃជម្លោះបើកចំហររវាងប្រទេសទាំងពីរដែលបានក្លាយជាសត្រូវចាប់តាំងពីបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ឆ្នាំ ១៩៧៩ កើតឡើងភ្លាមៗ។
មូលដ្ឋានទ័ពអាកាស Ain al-Asad ត្រូវបានប្រើដោយកងទ័ពអាមេរិកជាលើកដំបូង បន្ទាប់ពីការលុកលុយដែលដឹកនាំដោយសហរដ្ឋអាមេរិកឆ្នាំ ២០០៣ ដែលបានផ្តួលរំលំមេដឹកនាំផ្តាច់ការសាដាមហ៊ូសេន ហើយក្រោយមកបានឃើញកងទ័ពអាមេរិកឈរជើងនៅទីនោះ ចំពេលមានការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់និងស៊ីរី។ មានទាហានអាមេរិកប្រហែល ១៥០០ នាក់រួមទាំងកងកម្លាំងចម្រុះដទៃទៀត។
អ្នកនាំពាក្យកងកម្លាំងន័រវែសបានប្រាប់សារព័ត៌មាន Associated Press ថាកងទ័ពន័រវេសប្រហែល ៧០ នាក់ក៏ស្ថិតនៅលើមូលដ្ឋានទ័ពអាកាសនោះដែរ ប៉ុន្តែមិនមានអ្នករងរបួសទេ។ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បាននិយាយថាប្រតិបត្ដិការបាញ់គ្រាប់ម៊ីស៊ីលនេះមានឈ្មោះថា Martyr Soleimani ៕