ធម្មតាទេមនុស្សមានទំនាក់ទំនងជាមួយគ្នា តែងតែមានការសួរនាំគ្នាទៅវិញទៅមកជាការគួរណាស់ ប៉ុន្តែមនុស្សខ្លះ មិនមែនសួរនាំចង់ដឹងសុខទុក្ខគ្នាទេ តែសួរចង់ដឹងរឿង ន្អាលនឹងយកទៅនិយាយដើម បំភ្លៃបំភ្លើស សើចចំអកឱ្យគ្នាប៉ុណ្ណោះ គឺគ្មានចេតនា ឬបំណងល្អនោះឡើយ។
តួយ៉ាង ដូចរឿងរៀបចំពិធីរៀបការមិនខុសទេ មុនរៀបការ តែងសួរថា " បានថ្លៃបណ្ណាការ ឬថ្លៃទឹកដោះប៉ុន្មាន? គេឱ្យប៉ុន្មាន គេជូនប៉ុន្មាន ឬជូនខាងគេប៉ុន្មាន? " បន្ទាប់ពេលរៀបការរួច ក៏ចាប់ផ្ដើមសួរថា " ម៉េចហើយ បានចំណងដៃប៉ុន្មាន? ខាត ឬចំណេញ ... ? " សំណួរទាំងនេះមិនថ្វីទេ សម្រាប់អ្នកចង់ដឹងសុខទុក្ខយើង ចង់ឱ្យយើងល្អ មិនចង់ឱ្យយើងខាត តែអ្នកខ្លះវិញ សួរមកចង់ដឹងរឿងផ្ទាល់ខ្លួនគេតែម្ដង សួរដើម្បីយកទៅនិយាយដើម ពេបជ្រាយ សើចចំអកតែប៉ុណ្ណោះ។
ដូចពាក្យគេថា " ពាក្យខ្លះនិយាយត្រូវ តែមិនត្រូវនិយាយទេ " មិនខុសអីពីសំណួរខ្លះ គឺមិនគួរសួរនោះឡើយ ដូចរឿងថ្លៃទឹកដោះ ឬចំណងដៃគេអ៊ីចឹងដែរ មិនគួរណាសួរនាំគេនោះទេ បើគេចង់និយាយប្រាប់យើង គេនិយាយហើយ ហើយបើគេនិយាយប្រាប់ហើយ ក៏ស្ដាប់ទៅ តែកុំអន់ចរិតទៅសួរជីកឫសជីកគល់ គាស់កកាយ ចង់ដឹងផ្ទៃក្នុងគេ វាមិនល្អទេ ហើយក៏សបញ្ជាក់ថា យើងជាមនុស្សអត់មារយាទផងដែរ។
រឿងថ្លៃបណ្ណាការ ឬចំណងដៃ បានប៉ុន្មានជារឿងរបស់គេទេ បើមិនបានសួរនាំព្រោះចង់ដឹងសុខទុក្ខ សូមកុំសួរគេអី អ្នកខ្លះគាត់ទើសទាល់ ចំណេញ ឬខាត ជារឿងរបស់ម្ចាស់គេទេ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ