យើងបានដឹងរួចមកហើយថា វៀតណាម គឺជាប្រទេសអាស៊ីមួយដែលល្បីថាមានកាហ្វេឆ្ងាញ់ជាងគេ និងឈរជើងលំដាប់លេខ២ នៅលើពិភពលោកផងដែរ នោះដោយសារតែបច្ចេកទេសដាំដុះ លីង និងឆុងកាហ្វេពិសេសឆ្ងាញ់ពិសានោះតែម្តង គ្រាន់តែកាហ្វេវៀតណាមចាស់ និងជូរជាងកាហ្វេប្រទេសដទៃទៀតឯណោះ តែបើនិយាយពីរសជាតិវិញមិនបាច់និយាយ។
បើទោះបីជាប្រទេសវៀតណាមមានឈ្មោះល្បីខាងគ្រាប់កាហ្វេ តែប្រទេសនេះនៅតែមានកាហ្វេប្រេនល្បីៗសាកល្បងចូលមកវាយលុយ ដោយសារតែពួកគេយល់ថាប្រជាជនដែលចូលចិត្តផឹកកាហ្វេ អាចនឹងគាំទ្រកាហ្វេបរទេសពួកគេ តែមិននឹកស្មានសោះថាកាហ្វេប្រេនៗធំៗដូចជា Gloria Jean បានបាស់ជើងដកថយព្រោះតែភាពខាតបង់ធ្ងន់ ឯកាហ្វេលំដាប់ពិភពលោកក៏កំពុងតែមានប្រាក់ចំណេញតិចបំផុតស្ទើរតែរកខ្យល់ដកដង្ហើមមិនបាន ដោយសារតែប្រជាជនវៀតណាមនិយមទទួលទានតែកាហ្វេក្នុងស្រុកតែប៉ុណ្ណោះ។
គួរឱ្យដឹងផងដែរថា កាហ្វេវៀតណាម ប្រើគ្រាប់រ៉ូបូស្ដា (robusta) មានរសជាតិចាស់ ជូរ និងកាហ្វេអ៊ីនខ្ពស់ជាងប្រភេទគ្រាប់អារ៉ាប៊ីកា (arabica) ដែលជាប្រភេទគ្រាប់មានរសជាតិស្រាល ហើយជាតិកាហ្វេអ៊ីនក៏ស្រាលមានបម្រើនៅតាមហាងកាហ្វេម៉ាកបរទេស។
មូលហេតុចម្បងដែលធ្វើឱ្យប្រជាជនវៀតណាមនៅតែគាំទ្រផលិតផលក្នុងស្រុក អាចនិយាយបានថា ដោយសារតែប្រជាជនវៀតណាមមិនចូលចិត្តកាហ្វេស្រាល ម្យ៉ាងទៀតពួកគេមិនចង់ចំណាយច្រើនជាមួយប៊្រេនបរទេសដែមិនត្រូវចំណង់ចំណូលចិត្តារបស់ពួកគេ ជាពិសេសជនជាតិវៀតណាមជាតិនិយមខ្ពស់ដោយនាំគ្នាជួយគាំទ្រផលិតផលក្នុងស្រុកជាជាងរបស់បរទេស៕