អំណាចនៃសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ អត់មានអ្វីអាចមកបំបែក ឬពង្រាត់បាន ក្រៅតែពីសេចក្ដីស្លាប់នោះឡើយ ឱ្យតែមនុស្សពីរនាក់ ជាក់ថាស្រឡាញ់គ្នា មានចិត្តស្មោះត្រង់ចំពោះគ្នា ទោះមានអ្នកទីពីរ ទីបី ទីបួនប៉ុន្មាននាក់ចូលមកទៀត ក៏មិនអាចអូសទាញចិត្តគេទៅបានដែរ។
លើកលែងតែមនុស្សរបស់យើងប្រុងក្បត់ មានចិត្តលើអ្នកដែលចូលមកជ្រៀតជ្រែក ចិត្តទោរទន់ទៅតាមគេដែរ ទើបអាចឱ្យប្រែចិត្ត ផ្លាស់ប្ដូរ បាត់បង់ក្ដីស្រឡាញ់ និងភាពស្មោះត្រង់ចំពោះដៃគូរបស់ខ្លួនឯង។ ជឿទៅថា មនុស្សដែលស្មោះចំពោះដៃគូ មនុស្សដែលស្រឡាញ់យើងពិតប្រាកដ មិនថានៅពីមុខ ឬក្រោយខ្នងយើងទេ ទោះមានគេល្អជាងយើង ស្អាតជាងយើង មានជាងយើងប៉ុនណា ក៏គេនៅតែស្ម័គ្រស្មោះចំពោះយើងគ្រប់វេលា។ ប៉ុន្តែ ប្រសិនបើគេមិនស្មោះចំពោះយើងហើយនោះ ទោះយើងឱបក្រសោបគេប៉ុនណា ទោះយើងល្អនឹងគេប៉ុនណា ក៏គេនៅតែអាចក្បត់យើង ទៅរកអ្នកផ្សេងបានដែរ គេអាចធ្វើបានសូម្បីតែ អ្នកក្រោយ ទាំងអន់ ទាំងអាក្រក់ជាងយើង ក៏គេនៅតែចេញទៅ នេះក៏ព្រោះតែគេមិនមានចិត្តស្មោះចំពោះយើង មិនមានភាពទៀងត្រង់ និងជឿជាក់លើយើង។
គេថា " មនុស្សពីរនាក់ ទោះឈ្លោះគ្នាប៉ុនណា ក៏មិនបែកគ្នាដែរ បើមិនមានអ្នកទីបីចូលមកជ្រៀតជ្រែក " ប៉ុន្តែការពិតមិនដូច្នោះទេ មនុស្សដែលមានចិត្តស្មោះចំពោះគ្នា ជឿជាក់ និងស្រឡាញ់គ្នាពិត ទោះមានអ្នកទីបីចូលមកក៏មិនបែកគ្នាដែរ សំខាន់ឱ្យតែចេះជឿជាក់ និងឱ្យតម្លៃលើគ្នា អ្នកទីបី មិនមានសិទ្ធ ឬអំណាច បំបែក ឬឆក់យកមនុស្សរបស់យើងទៅបានឡើយ លើកលេងតែមនុស្សរបស់យើងហ្នឹង មានចិត្តហេលហាល ទោរទន់ទៅរកគេដែរ។ បើបាត់បង់មនុស្សដែលយើងស្រឡាញ់ចេញទៅ កុំបន្ទោសអ្នកនេះ អ្នកនោះ ឬអ្នកទីបី តែគួរបន្ទោសមនុស្សរបស់យើង ដែលទន់ជ្រាយ ចិត្តមិនរឹងមាំ ឱ្យគេមកពង្វក់ បង្វែរបាន៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ