សម្រាប់គ្រួសារជនជាតិចិន ឬខ្មែរដែលមានសែស្រឡាយចិន ជាការពិតណាស់ នៅក្នុងខែធ្នូ មានកម្មវិធីសែនដ៏ល្បីមួយផងដែរ នោះគឺ ពិធីបុណ្យ Dongzhi Festival ដែលគេនឹងប្រារព្ធពិធីសែននំអ៊ី និងទទួលទាននំអ៊ី Tangyuan (湯圓) នេះជួបជុំគ្នា។
ពិធីបុណ្យនេះតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅក្នុងថ្ងៃទី ២២ ខែធ្នូ តែឆ្នាំខ្លះក៏ប៉ះចំថ្ងៃទី ២១ ខែធ្នូដែរ ដោយឆ្នាំ ២០២០ នេះ ពិធីសែននំអ៊ី គឺចំថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០។
ជាការពិតណាស់ ពិធីសែននំអ៊ីនេះ ត្រូវបានគេជឿថា ជាពិធីជួបជុំគ្រួសារមួយ ដោយញាតិមិត្តបងប្អូនជិតឆ្ងាយដែលនៅបែកគ្នា នឹងមកជួបជុំគ្នាឡើងវិញ ព្រមទាំងជាពិធីសិរីសួស្តីសម្រាប់ដាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី នៅក្នុងការកើនឡើងអាយុ ១ឆ្នាំទៀតផងដែរ។
ហើយដោយសារតែរូបរាងនំនេះមានជារាងដុំមូលតូចៗ ផ្សំពីអង្ករយកមកកិនជាម្សៅលុញជានំដុំតូចៗចម្រុះពណ៌ ទទួលទានជាមួយទឹកស្ករលាយខ្ញី នំនេះត្រូវបានគេតំណាងថាជាការជួបជុំបងប្អូន ផ្តុំជាធ្លុងមួយ ដោយនំនេះក្រៅពីនៅទទួលទានគ្នានៅក្នុងពិធីសែននំអ៊ី គេក៏ទទួលទានវានៅក្នុងពិធីមង្គលការ និងពិធីជួបជុំសំខាន់ៗជាច្រើននៅក្នុងគ្រួសារជនជាតិចិនផងដែរ៕