ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារ The Voice Kids Cambodia រដូវកាលទីមួយ បានបញ្ចប់ទៅយ៉ាងយូរហើយក៏ជ្រើសរើសបានតារាចម្រៀងវ័យក្មេងជាច្រើនដួងផងដែរ ខណៈតារាចម្រៀងជាច្រើនបានចេញបទចម្រៀងបន្តបន្ទាប់ ហើយក្នុងនោះក៏មានអតីតកូនក្រុមរបស់អ្នកនាង សុគន្ធ និសា ម្នាក់ដែរ ដែលបានក្លាយជាតារាចម្រៀងកុងត្រាវ័យក្មេង នៃផលិតកម្មរស្មីហង្សមាស។
ឃុយ ម៉ីហៀង ជាអតីតបេក្ខភាពជំរើសវគ្គផ្ដាច់ព្រាត់ នៃក្រុម Team Nisa ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារសម្រស់សម្បុរខ្មៅស្រអែម បូករួមជាមួយសំឡេងស្រទន់ ដែលត្រូវបានគេសសើរថា មានស្ទាយច្រៀងប្រហាក់ប្រហែល នឹងអ្នកនាងសុគន្ធ និសាដែរ ហើយក៏ត្រូវបានផលិតកម្មរស្មីហង្សមាស សម្រេចជ្រើសរើសជាតារាចម្រៀងអាជីពប្រចាំផលិតកម្មនេះ។ ក្រោយក្លាយជាតារាចម្រៀងកុងត្រាមក បទចម្រៀងជាច្រើនបទរបស់ម៉ី ហៀង បានទទួលការគាំទ្រយ៉ាងច្រើន គួរឱ្យចាប់អារម្មណ៍ ប៉ុន្តែថ្មីៗនេះ គេឃើញម៉ីហៀង បកស្រាយចម្រៀងថ្មីមួយបទដែលជាបទមរកដើមក្រោមចំណងជើងថា «បាចផ្កាម្រះព្រៅ» ដែលអមជាមួយទិដ្ឋភាពវាលស្រែខៀវស្រងាត់ និងភ្នំយ៉ាងស្រស់ស្អាត ពិតជាទាក់ទាញមែនទែន។
ជាមួយគ្នានេះ ប្រិយមិត្តជាច្រើនបានសសើរនូវសម្រស់របស់ម៉ីហៀង ថាពិតជាមានភាពស្រស់ស្អាត ហើយលែងជាកុមារីដូចកាលពីពេលប្រលងទៀតហើយ ដោយសារសម្រស់របស់អតីតបេក្ខភាព The Voice Kids រូបនេះ ហាក់វិវឌ្ឍន៍ទៅរកវ័យជំទង់ ហើយសូម្បីសំឡេង ក៏មានការប្រែប្រួល ពីរោះជាងមុនថែមមួយកម្រិតទៀត។
តោះស្ដាប់បទចម្រៀង ដែលបកស្រាយដោយ កញ្ញា ឃុយ ម៉ីហៀង សាកមើលថាតើមានយោបល់បែបណាខ្លះ?