គ្រួសារណាក៏មានបញ្ហាដែរ តែគេមិនចេះយករឿងគ្រួសារ បញ្ហាប្ដីប្រពន្ធទៅនិយាយប្រាប់អ្នកដទៃ ឬឱ្យអ្នកដទៃជួយដោះស្រាយនោះឡើយ។ មនុស្សមានគ្រួសារ មានប្ដីប្រពន្ធហើយ គឺត្រូវតែចាស់ចិត្តចាស់គំនិត ចេះគិត ចេះដោះស្រាយបញ្ហាដោយខ្លួនឯង មិនមែនអាងអីតិចប្រាប់គេ អាងអីតិចសុំគំនិតពីគេ កុំភ្លេចថា គ្រួសារច្រើនហើយ ដែលបែកបាក់ប្រេះឆា លែងលះគ្នា ព្រោះតែគំនិតដែលអ្នកដទៃផ្ដល់ឱ្យហ្នឹងហើយ។
ប្ដីប្រពន្ធ មានខុសមានត្រូវជារឿងធម្មតាទេ តែមិនថាមានរឿងអ្វីក៏ដោយ កុំចេះតែគាស់កកាយ បរិយាយហែកកេរ្តិ៍ប្ដីប្រពន្ធឯងឱ្យអ្នកដទៃស្ដាប់ ព្រោះ ៧០% នៃអ្នកដែលបានស្ដាប់ និងដឹងរឿងយើង គឺសុទ្ធតែអ្នកដែលចាំតែសើចចំអក ហើយ ២០% ទៀត គឺគេមិនខ្វល់នឹងសុខទុក្ខយើងទេ មនុស្សទោះនៅចំពោះមុខល្អនឹងយើងប៉ុនណាក៏ដោយ ក៏មិនប្រាកដថា គេនឹងល្អ ស្មោះត្រង់ ស្រឡាញ់រាប់អានយើងពិតប្រាកដដែរ។
បញ្ហានៅក្នុងគ្រួសារ ត្រូវសួរនាំ ប្រឈមមុខប្ដីប្រពន្ធឯង ដើម្បីដោះស្រាយគ្នា ដោះស្រាយជាមួយមនុស្សក្នុងគ្រួសារ មិនមែនទៅនិយាយជាមួយអ្នកដទៃ ដើម្បីដោះស្រាយនោះទេ។ ម្យ៉ាងវិញទៀត រឿងក្នុងគ្រួសារយើង ទោះយើងប្រាប់អ្នកដទៃ ក្បោះក្បាយយ៉ាងណា ក៏គេមិនអាចដឹង និងយល់ច្បាស់ ដូចមនុស្សក្នុងផ្ទះយើងនោះឡើយ។ ធំៗអស់ហើយ រៀនដោះស្រាយបញ្ហាដោយខ្លួនឯងខ្លះទៅ ក៏មិនគួរទៅសួរ ឬសុំឱ្យឪពុកម្ដាយមកដោះស្រាយប្ដីប្រពន្ធយើងដែរ ព្រោះអ្នកមានគុណ គាត់ហត់នឿយដោយសារយើងច្រើនហើយ គាត់រៀបចំឱ្យយើងមានគ្រួសារ គឺមានគ្នាដើម្បីដោះស្រាយ មិនមែនមានរឿងអី ក៏យកបញ្ហាទៅឱ្យគាត់ឈឺក្បាលដោយសារយើងទៀតនោះទេ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ