នៅក្នុងសង្គមមួយនេះ សម្បូរណាស់ ប្រភេទមនុស្ស ធ្វើល្អ និយាយល្អ ដើម្បីយកមុខមាត់ តែធាតុពិតគឺ ពុតត្បុត ពិសពុលសាហាវណាស់។ អ្នកខ្លះ ហ៊ាននិយាយ ហ៊ានធ្វើគ្រប់យ៉ាង សូម្បីតែលក់មុខមាត់ និងកិត្តិយសរបស់ខ្លួន ដើម្បីតែផលប្រយោជន៍ បុណ្យសក្តិ និងលុយកាក់។
មនុស្សខ្លះទៀត ដំបូងឡើយល្អណាស់ និយាយក៏ល្អ ធ្វើអ្វីក៏ល្អ តែនេះគ្រាន់តែជាការសម្ដែង ដើម្បីបន្ទន់ចិត្តអ្នកដទៃ ព្រោះតែចង់បានផលប្រយោជន៍អ្វីមួយទៅថ្ងៃខាងមុខតែប៉ុណ្ណោះ។ អ៊ីចឹងបានគេថា រកលុយ មិនពិបាកដូចរកមនុស្សល្អ ទៀងត្រង់ពិតប្រាកដនោះឡើយ។ អ្នកខ្លះ គេសុទ្ធតែមានបំណង មានគោលដៅ មើលឃើញប្រយោជន៍អ្វីមួយហើយ ទើបគេអាចរៀបផែនការណ៍មួយបានយ៉ាងល្អ ចិងក្រោយ អាចធ្វើឱ្យយើងក្អួតឈាម ព្រោះតែជំនឿ និងការជឿទុកចិត្តគេខ្លាំងពេក។
ដូច្នេះ បច្ចុប្បន្ននេះ យើងល្អនឹងគេ ស្មោះនឹងគេ មិនប្រាកដទេថា គេល្អនឹងយើង ស្មោះត្រង់នឹងយើងវិញ។ កុំសូវទុកចិត្តអ្នកណាម្នាក់ ដក់ថ្នាក់ងប់ងល់ខ្លាំងពេក ចិត្តមនុស្ស មើលមិនធ្លុះនោះឡើយ អ្នកខ្លះល្អនឹងយើងបានតែដំបូងប៉ុណ្ណោះ មនុស្សខ្លះ ល្អនឹងយើង ព្រោះតែឃើញប្រយោជន៍តែប៉ុណ្ណឹង អ៊ីចឹងហើយ កុំសូវលះបង់ចិត្តឱ្យគេអស់ រហូតដល់ធ្វើបាបខ្លួនឯង។ ប៉ុន្តែមានរឿងមួយដែលយើងគប្បីប្រកាន់ខ្ជាប់គឺ អំពើល្អ សេចក្ដីល្អ គ្មានថ្ងសាបសូន្យឡើយ ហើយក៏សង្ឃឹមថា សេចក្ដីល្អ ទឹកចិត្តល្អ និងអំពើល្អដែលយើងមាន ជាស្ពាន ជាបុណ្យកុសល នាំឱ្យយើងបានជួបតែមនុស្សល្អៗ ចៀសចាកផុត ពីមនុស្សគំនិតអាក្រក់ទាំងពួង៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ