ជប៉ុន៖ មហាទុក្ខសោកដ៏ធំធេង គ្មានអ្វីប្រៀបបានរបស់ប្រជាជនខ្មែរទូទាំងប្រទេស គឺជាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ ជាវេលាដែលព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរបានចូលទិវង្គត។
បើទោះបីជាវេលាកន្លងហួសដល់ទៅ ៧ឆ្នាំ តែការឈឺចាប់ និងការចងចាំនៃភក្តីភក្ត្រចំពោះទ្រង់នៅតែមាន ហើយឱ្យតែរាល់ដល់វេលាគម្រប់ខួបនៃការយាងចូលព្រះទីវង្គតរបស់ទ្រង់ជារៀងរាល់ឆ្នាំ ប្រជាជនខ្មែរតែងតែសម្តែងនៃទុក្ខសោក និងរួមគ្នាធ្វើបុណ្យបញ្ជូនកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមទ្រង់បានយាងទៅសោយសុខនៅឋានសួគ៌ា និងសូមឱ្យកម្ពុជាទទួលបានតែសុខសន្តិភាព វិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៍។
អាចថាជារឿងមួយដ៏ភ្ញាក់ផ្អើល នៅក្នុងប្រទេសជប៉ុនឯណោះវិញ ថ្មីៗនេះត្រូវបានគេដឹងថា សូម្បីតែព្រះតេជព្រះគុណបណ្ឌិត Kyuse Enshinjoh ស្ថាបនិកអង្គការព្រះពុទ្ធសាសនាពិភពលោកនិកាយ Nenbutsushu នៅក្នុងប្រទេសជប៉ុនក៏មានការគោរពដល់ព្រះមហាវីរក្សត្រខ្មែរយើងផងដែរ ដោយតេជគុណបានរៀបចំប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសលខួបទី ៧ឆ្នាំ ការយាងចូលព្រះទីវង្គតរបស់ព្រះអង្គយ៉ាងគួរឱ្យសរសើរពោរពេញទៅដោយការគោរព ជាពិសេសកម្មវិធីទៀតសោតក៏មានលក្ខណៈអធិកអធមខ្ពង់ខ្ពស់ស័ក្តសមនឹងព្រះកិត្តិយសនៃមហាវីរក្សត្រខ្មែរយើង។
ដោយប្រភពព័ត៌មានត្រូវបានបង្ហាញតាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ព្រះបរមរាជវាំង Royal du Cambodge បានសរសេររៀបរាប់ថា៖ « ព្រះតេជព្រះគុណបណ្ឌិត Kyuse Enshinjoh ស្ថាបនិកអង្គការព្រះពុទ្ធសាសនាពិភពលោកនិកាយ Nenbutsushu បានប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសលខួបទី ៧ឆ្នាំ ការយាងចូលព្រះទីវង្គតនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាប្រទេសជប៉ុន »។
គួរឱ្យដឹងផងដែរថា ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិបានប្រសូតនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៩២២ និងបានយាងចូលទិវង្គតកាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិនក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា៕
សូមទស្សនារូបភាពនៃការរៀបចំប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសលខួបទី ៧ឆ្នាំ ការយាងចូលព្រះទីវង្គតរបស់មហាវីរក្សត្រខ្មែរ ដូចខាងក្រោម ៖