អ្នកណាៗក៏ដឹងដែរថា នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Huawei របស់ចិនគឺជាគូប្រជែងធំបំផុតមួយរបស់ Apple ហើយក្រុមហ៊ុនHuawe មួយនេះក៏មានឧបករណ៍ចល័ត MediaPads ដែលដូចគ្នានឹង iPad របស់ក្រុមហ៊ុនអាមេរិកនេះផងដែរ តែគ្រប់គ្នាបែរជាហួសចិត្តពេលឃើញនាយកប្រតិបត្តិក្រុមហ៊ុនយក្ស Huawei បានប្រើប្រាស់ផលិតផល ipad នៅក្នុងព្រលានយន្តហោះ។
រូបភាពជាច្រើនសន្លឹករបស់ នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Huawei លោក Ren Zhengfei ក្នុងពេលដែលលោកកំពុងឆែកអីវ៉ាន់នៅឯព្រលានយន្ដហោះបានត្រូវគេចែកចាយពេញបណ្តាញសង្គមចិន និងទទួលបាននូវការរិះគន់ជាខ្លាំង។
តែលោក Zhengfei បាននិយាយដោយមិនលាក់លៀមថា គ្រួសាររបស់លោកចូលចិត្តប្រើផលិតផល Apple ខ្លាំងណាស់ ហើយលោកក៏តែងតែតម្រូវតាមចិត្តកូនៗ ដោយទិញផលិតផល Apple ឱ្យកូនៗរបស់លោកជានិច្ច។ ហើយលោកក៏បានពន្យល់រៀបរាប់ថា មិនមែនឱ្យតែមេរបស់ Huawei ត្រូវតែងប់ងល់នឹងផលិតផលរបស់ខ្លួនទេ ម្យ៉ាងទៀត Apple គឺជាក្រុមហ៊ុនដែលឈានមុខគេលើពិភពលោក បើគ្មាន Apple ទេនោះ នឹងមិនមានអ៊ីនធឺណេតចល័តទេ។ ប្រសិនបើគ្មានក្រុមហ៊ុន Apple ជួយបង្ហាញពិភពលោកដល់យើងទេ យើងនឹងមិនបានឃើញភាពស្រស់ស្អាតនៃពិភពលោកនោះដែរ ។ ពិសេសលោកបានបន្ថែមថា Apple គឺជាគ្រូរបស់លោក ហើយវាកំពុងជឿនលឿននៅចំពោះមុខយើងទាំងអស់គ្នា « ក្នុងនាមជាសិស្សហេតុអ្វីខ្ញុំគួរប្រឆាំងគ្រូរបស់ខ្ញុំ? ខ្ញុំមិនធ្វើទេ »។
គួរឱ្យដឹងផងដែរថា សូម្បីតែប្រធានមន្រ្តីហិរញ្ញវត្ថុ Hauwei អ្នកស្រី Meng Wanzhou ក៏ប្រើ iPhone, iPad និង MacBook នៅពេលដែលគាត់ត្រូវបានគេចាប់ខ្លួននៅឯកាណាដាផងដែរ៕