កោះកុង៖ ដូចដែលយើងបានដឹងហើយថា ស្រុកខ្មែរ គឺជាដែនដីសុវណ្ណភូមិ ដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ និងប្រាសាទបុរាណច្រើនកន្លែងពោរពេញទៅដោយភាពស្រស់ស្អាត និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដោយគ្រាន់តែកន្លែងខ្លះមិនទាន់មានអ្នករុករកឃើញ ឬមិនសូវមានអ្នកទៅដល់តែប៉ុណ្ណោះ។
ជាក់ស្តែងថ្មីៗនេះ ទីកន្លែងកម្សាន្តថ្មីមួយទៀតហើយ ធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំង និងលាន់មាត់សរសើរមិនដាច់ពីមាត់នូវទស្សនីយភាពបែបបាតុភូតធម្មជាតិមួយកន្លែងមានឈ្មោះថា « ស្ទឹងពពក » ដែលស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដែលជាតំបន់បាតុភូតធម្មជាតិកំពុងពេញនិយម។
ទោះបីជារូបភាពនេះត្រូវបានគេកោតសរសើរថាស្រស់ស្អាតខ្លាំងយ៉ាងណាក៏ដោយ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនមិនជឿថាទស្សនីយភាពដ៏ល្អឥតខ្ចោះនេះស្ថិតនៅស្រុកខ្មែរយើងឡើយ ដោយពួកគេយល់ថារូបភាពនេះគឺស្ថិតនៅបរទេសទៅវិញ ឯអ្នកមួយចំនួនទៀត បាននិយាយថា « ស្ទឹងពពក » នេះពិតជានៅស្រុកខ្មែរយើងមែន ដោយពួកគេថែមទាំងធ្លាប់បានទៅលេងទៀតផង តែស្ថានភាពផ្លូវពិបាកបន្តិចដោយមានដុំថ្មធ្លាក់មកតាមផ្លូវ និងពពកអ័ព្ទមើលផ្លូវមិនឃើញ ជាពិសេស ទីតាំងនេះស្ថិតនៅក្រោមការគ្រប់គ្រងដោយស្ថានីយអគ្គីសនី ហើយប្រសិនជាចង់ចូលទៅលេង ត្រូវស្នេីសុំជាមុនសិន និងត្រូវមានអ្នកនាំផ្លូវនាំចូលផងដែរ។
(Update) តាមរយៈការស្រាវជ្រាវ និងសាកសួរពីក្រុមការងារ « ក្នុងស្រុក » បានរកឃើញថា «ស្ទឹងពពក» នេះពិតជាស្ថិតនៅស្រុកខ្មែរយើងមែន ដោយមានទីតាំងពិតប្រាកដគឺនៅ តំបន់ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង គ្រាន់តែមិនសូវមានអ្នកស្គាល់ ឬទៅលេងដល់តែប៉ុណ្ណោះ ព្រោះតែស្ថានភាពផ្លូវមិនទាន់អំណោយផលនៅឡើយទេ ចំណែកឯស្ទឹងពពកពិតជាមានប្រាកដដូចរូបភាពខាងក្រោមមែន តែប្រសិនជាទៅខុសខែខុសរដូវក៏មិនអាចជួបទិដ្ឋភាពអស្ចារ្យបែបនេះដែរ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពព័ត៌មាន៖ River Cloud-ស្ទឹងពពក
ប្រភពរូបភាព៖ Cambodian Camping Travel & Tours/Makara Seang