ព្រះសីហនុ៖ ជារឿងដ៏គួរឱ្យសោកស្តាយ ក្រោយពីការបាត់ខ្លួនរបស់ស្រ្ដីជនជាតិអង់គ្លេសមួយរូបមានឈ្មោះ Amelia Bambridge អស់រយៈពេល 7 ថ្ងៃ ក្រោមការជួយជ្រោមជ្រែងពីសំណាក់គណកម្មការលំហសមុទ្រ និងបូករួមកម្លាំងរបស់លោក ឧកញ៉ា ទៀ វិចិត្រ រួចមក យេីងក៏បានរកឃេីញសាកសពរបស់ស្រ្ដីជនជាតិអង់គ្លេសមួយរូបនេះ។
ប្រតិបត្តិការរុករកនេះគឺមានរយៈពេល ៧ ថ្ងៃមកហេីយ ហើយនៅទីបំផុតគេក៏ប្រទះឃេីញ សពស្រ្ដីជនជាតិអង់គ្លេសនេះនៅលើផ្ទៃសមុទ្រ ឯចំណុច ខនដរ ក្បែរព្រំដែនសមុទ្រ កម្ពុជា ថៃ ដោយមូលហេតុនៃការស្លាប់យ៉ាងណាដោយសារអ្វីមិនទាន់មានអ្នកជំនាញចេញមកស្រាយនៅឡើយនោះទេ ។ យ៉ាងណាក៏ចូលរួមរំលែកទុក្ខគ្រួសារសពផងដែរ សូមអោយវិញ្ញាណខណ្ឌនាងទៅកាន់សុគតិភពផងចុះ ។
សូមរំលឹកឡើងវិញបន្តិច នារីរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមួយរូបនេះ ត្រូវបានគេផ្តល់ដំណឹងថា បានបាត់ខ្លួននៅកោះរ៉ុងកាលពីថ្ងៃពុធសប្ដាហ៍មុនមក នៅពេលដែលនាងបានចូលរួមនៅក្នុងពិធីជប់លៀងលើឆ្នេរសមុទ្រមួយកន្លែងនៅកោះរ៉ុង ដែលមានការចូលរួមពីអ្នកទេសចរជនជាតិផ្សេងៗជាច្រើន។
កាបូបរបស់នាងដែលមានទូរស័ព្ទ លុយ និងកាតឥណទាន ត្រូវបានគេរកឃើញនៅព្រឹកថ្ងៃបន្ទាប់នៅឆ្នេរសមុទ្រក្បែរនោះ ហើយលិខិតឆ្លងដែនរបស់នាងត្រូវបានគេរកឃើញនៅក្នុងបន្ទប់សណ្ឋាគារដែលនាងជួលស្នាក់នៅ។ នៅក្នុងនោះឪពុក និងបងប្រុសរបស់នាង Bambridge ក៏បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីជួយស្វែងរកនាងដែរ តែជាអកុសលពេលនេះនាងបែរជាបាត់បង់ជីវិតទៅវិញ។
សូមបញ្ជាក់ផងដែរថា កន្លងមកមានអ្នកទេសចរបរទេសមួយចំនួនត្រូវបានវង្វេងនៅក្នុងព្រៃលើកោះរ៉ុង តែត្រូវបានរកឃើញវិញដោយមានសុវត្ថិភាពផងដែរ៕