ប្រទេសកម្ពុជាបានកំណត់យករំដួលធ្វើជាផ្កាតំណាងអត្តសញ្ញាណរបស់ជាតិ តាមព្រះរាជក្រិត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ការសម្រេចយករំដួលជាផ្កានិមិត្តរូបសម្រាប់ប្រជាជាតិរបស់ខ្លួននោះ ក៏ដោយសារតែផ្ការំដួលមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់គួរជាទីទាក់ទាញអារម្មណ៍របស់មហាជនទូទៅ និងផ្តល់នូវអត្ថប្រយោជន៍ច្រើនផងដែរនៅក្នុងសង្គមខ្មែរ។
ខ្មែរយើងពីបុរាណកាលបាននិយមប្រើប្រាស់ ផ្ការំដួល ធ្វើជាជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារីដោយ សារតែក្លិនរបស់វា មានលក្ខណៈក្រអូបឈ្ងុយ ខុសប្លែកពីផ្កាដទៃ។ ទន្ទឹមនោះ រំដួលមានគុណប្រយោជន៍ខាងឱសថបុរាណក្នុងការកែរោគដូចជា សំបកអាចឆ្នៃធ្វើជាឱសថសម្រាប់ព្យាបាលអាការៈក្តៅខ្លួន ផ្កាអាចយកទៅធ្វើជាថ្នាំបំបាត់អាការៈវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម។ កេសររបស់រំដួលអាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខ និងខ្យល់គរ។
ក្រៅពីនេះដើមរបស់រំដួលអាចធ្វើការកែច្នៃប្រើប្រាស់ជាគ្រឿងសំណង់បន្ទាប់បន្សំ និងធ្វើជាអុសសម្រាប់ដុត។ មិនតែប៉ុណ្ណោះនៅរដូវផ្លែរំដួលទុំ ប្រជាជនដែលរស់នៅក្បែរព្រៃតែងតែបេះផ្លែរំដួលយកមកលក់នៅលើទីផ្សារដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនផងដែរ។
លក្ខណៈរូប៖ ចំណាត់ថ្នាក់ជីវសាស្ត្ររបស់រំដួល គឺស្ថិតក្នុងលំដាប់ Magnoliales អំបូរ Annonaceae ពពួក Mitrella និងឋិតក្នុងប្រភេទ M.mesnyi។ រំដួល គឺជារុក្ខជាតិ ដែលឃើញមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។ ផ្ការំដួល» មានពណ៌លឿង ស ក្រហម មានក្លិនសាយឆ្ងាយ ដែលចាស់បុរាណ តែងប្រៀបទៅនឹងក្លិនស្រីក្រមុំ។
ផ្ការំដួល ដុះចេញពីខ្នែងមែកមានពីរស្រទាប់ និង ៦ ត្របក រៀបគ្នាជាពីរស្រទាប់ មានបីត្របក មានក្លិនក្រអូបឈ្ងុយឈ្ងប់រីកនៅពេលល្ងាច និងសាយក្លិនក្រអូបតាមខ្យល់បានឆ្ងាយ។ ផ្ការំដួល មានដើមឈរ បែកមែកសាខា មានកម្ពស់ពី ៣ ទៅ ១៥ម៉ែត្រ។
សំបកដើមពណ៌ត្នោត រលោងរាបស្មើ តែមែកគ្រើមៗ មានស្លឹកទោលរៀង រលោង ស្រួចចុង និងពណ៌បៃតងចាស់។ ស្លឹកផ្នែកខាងក្រោម មានពណ៌បៃតងខ្ចី ចេញផ្កា តាមខ្នែងស្លឹកនិងតាមចុង មែក មានពណ៌លឿងក្លិនក្រអូប។ រំដួល ចាប់ផ្តើមផ្កាពីខែធ្នូដល់ខែមីនា ផ្លែមានពណ៌បៃតងខ្ចី មូលតូចរលោង មានគ្រាប់ ១ ឬ២គ្រាប់ ផ្លែជាកញ្ចុំ ពេលទុំមានពណ៌ខ្មៅ មានរសជាតិជូរអែម។
រំដួលគឺជារុក្ខជាតិដែលឃើញមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាដោយរុក្ខជាតិមួយនេះចាប់ផ្តើមផ្កាពីខែធ្នូ-មីនា។ រំដួល ត្រូវបានប្រជាជនខ្មែរយើងនិយមយកមកដាំលំអរនៅ តាមគេហដ្ឋាន និងសួនសាធារណៈ។
សូរនៃពាក្យ រំដួល ពីបុរាណមក ខ្មែរយើងតែងប្រៀបប្រដូច ស្រីក្រមុំ ទៅនឹងផ្ការំដួល ក៏ព្រោះតែផ្ការំដួល មានសម្រស់ស្អាតនិងមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ គួរជាទីទាក់ទាញពីសាធារណៈជនទូទៅ។
ក្រៅពីប្រដូចផ្ការំដួលទៅនឹងនារីខ្មែរ តាមរយៈក្លិនក្រអូបនោះ ផ្ការំដួល ក៏ត្រូវក្រុមអ្នកកវីនិពន្ធខ្មែរ លើកយកទៅធ្វើអត្ថាធិប្បាយរៀបរាប់ពីរូបសម្រស់ តួអង្គដែលល្អគន់ ធៀបនឹងសម្រស់ផ្ការំដួល នៅក្នុងអត្ថន័យនៃបទចម្រៀង កំណាព្យ និងប្រលោមលោក។
ក្នុងវិស័យកសិកម្ម ពូជស្រូវផ្ការំដួល គឺជាពូជស្រូវក្រអូប ដែលមានអង្ករវែងរលូន បាយទន់មានរសជាតិក្រអូបឆ្ងាញ់ និងចាត់ទុកជាប្រភេទ ស្រូវក្រអូបលេខ១ សម្រាប់បម្រើការនាំចេញផង។ ពូជស្រូវនេះ ត្រូវបានផ្សព្វផ្សាយ ជំរុញឲ្យកសិករខ្មែរប្រើប្រាស់ ដោយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា របស់ក្រសួងកសិកម្ម តាំងតែឆ្នាំ ១៩៩៩ ។
បច្ចុប្បន្ន ពូជផ្ការំដួលបាននិងកំពុងពេញនិយមក្នុងចំណោមប្រជាកសិករ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។
ក្រឡេកមកបុរាណកាលម្តង។ ពាក្យរំដួលមានឃើញនៅតាមសិលាចារឹកមួយចំនួន ដែលសរសេរជា រំត្វល ។ ជួនកាលសម្តៅលើដើមឬក្រុមដើមរំដួល ៖ តេំរំត្វល (ដើមរំដួល) វ្រៃរំត្វល (ព្រៃរំដួល) ជួនកាលជាឈ្មោះស្រីម្នាក់ ៖ តេងរំត្វល (នាងរំដួល)។
ប្រការដែលគេយកមកដាក់ជាឈ្មោះមនុស្សនេះសឲ្យឃើញថាគេនិយមនិងឲ្យតម្លៃលើផ្ការំដួលនេះទៅហើយ។ ម្យ៉ាងទៀតយើងឃើញគេឆ្លាក់រូបស្រីស្នំដែលយកផ្ការំដួលមកចងសក់ជាលំអទៀតផង។ ឃើញថាការយកផ្ការំដួលមកចងសក់នៅសម័យថ្មីនេះ គឺគ្រាន់តែជាទម្លាប់ដែលមានតាំងពីបុរាណកាលតែប៉ុណ្ណោះ។ ពុំគ្រាន់តែដូច្នេះឡើយ ក្បាច់លំអនៅតាមប្រាសាទបុរាណខ្លះមានចម្លាក់រូបផ្ការំដួលជាជួរៗ ដូចជានៅតាមសសរនិងតាមឃឿនជាដើម៕
ប្រភព៖ អ៊ាង សុផល្លែត
សូមបញ្ជាក់ផងដែរថា មានមហាជនជាច្រើនមានការភ័នច្រលំរវាងផ្ការំដួល និងផ្កាក្រវ៉ាន់ដូច្នេះមកតាមដានថាតើផ្ការំដួល និង ផ្កាក្រវ៉ាន់ ខុសគ្នាយ៉ាងណាខ្លះ?
១- ផ្ការំដួល មានដើមធំៗត្រឈឹងត្រឈៃ ស្លឹកស្តើងតូចៗគ្មានរោមទេ ចំណែក ផ្កាតូចៗ ត្របកស្តើងៗ មានក្លិនក្រអូបឈួល ច្រើនរីកចោលក្លិន នៅពេលព្រលប់។ ពេលផ្ការីក គឺរីកតែត្របកក្រៅ ចំណែកត្របកខាងក្នុង មានកម្រាស់ក្រាស់ ហើយនៅអោបក្រសោបជាប់គ្នាជានិច្ច មិនអាចមើលឃើញបណ្តូលទេ។
២- ផ្កាក្រវាន់ មានដើមទាបៗបែបជាគុម្ពោត ច្រើនដុះក្បែរមាត់ទឹក បឹងបួរ អូរ ស្ទឹង ឬជ្រោះ មានស្លឹកធំក្រាស់ៗ មានរោមក្រហមក្រមៅ។ ចំណែកផ្កាវិញ មានត្របកក្រាស់ ពេលរីក គឺត្របករបើកឡើង ទាំងពីរជាន់ អោយយើងមើលឃើញបណ្តូលក្នុង យ៉ាងងាយ។ ចំណែកក្លិនវិញ មានលក្ខណៈក្រអូបប្រហើរស្រាលៗ មិនឈួលខ្លាំងពេកទេ ហើយច្រើនរីកនៅពេលព្រឹក ចូលក្លិនក្រអូប ពេញមួយថ្ងៃ៕