- លុយ រាប់លានដុល្លា ដាក់ពីមុខសត្វស្វា វាប្រាកដជាគ្មានតម្លៃ ស្មើនឹងផ្លែចេកមួយផ្លែនោះឡើយ។
- សត្វគោ ក្របី នៅក្នុងភូមិគ្រឹះសេដ្ឋី គេប្រាកដជាដេញវាចេញក្រៅ តែបើវានៅជាមួយកសិករ នៅក្នុងស្រែ វាប្រាកដជាមានតម្លៃណាស់។
- នាឡិកាចាស់បុរាណ ខូចប្រើការលែងកើត អាចនឹងគ្មានតម្លៃសម្រាប់ហាងថ្លៃៗឡើយ តែវាប្រាកដជាមានតម្លៃ សម្រាប់សារមន្ទីរ ប្រសិនបើវាជាវត្ថុធាតុបុរាណ ដែលកម្រ។
- មេឃភ្លៀង បើនិយាយចំពោះអ្នករកស៊ី គឺគាត់ប្រាកដជាខាត ភ្លៀងរកស៊ីអីកើត តែបើនិយាយចំពោះ អ្នកធ្វើស្រែចំការ គឺពិតជាល្អ ព្រោះជួយស្រូវ ឬផលដំណាំ ស្រស់បស់ល្អប្រសើរ។
នៅមានចំណុចជាច្រើនទៀត ក៏មានរឿងខ្លះ របស់ខ្លះ វាអាចនឹងគ្មានតម្លៃសម្រាប់អ្នកដទៃ តែវាមានតម្លៃសម្រាប់យើង ហើយពេលខ្លះ របស់យើង យើងអាចគិតថាគ្មានតម្លៃ តែវាសំខាន់សម្រាប់អ្នកដទៃក៏ថាបាន។ អ្វីក៏ដោយ គឺសុទ្ធតែមានតម្លៃ និងភាពសសំខាន់របស់វា តែអ្វីដែលរឹតតែពិសេសគឺ ទាល់តែវាស្ថិតនៅត្រង់ចំណុចមួយដែលសក្តិសមនឹងវាផងដែរ ទើបវាអាចមានតម្លៃបាន។
មិនខុសអីពីមនុស្សយើងទេ យើងខ្លួនឯង សម្រាប់អ្នកដទៃ គេអាចនឹងមើលមិនឃ់់ើញពីតម្លៃរបស់យើង ឬសូម្បីតែយើងខ្លួនឯង ក៏គិតថាខ្លួនឯងគ្មានតម្លៃ តែដឹងទេថា ទោះបីជាយ៉ាងណា គឺយើងសំខាន់ និងមានតម្លៃបំផុត សម្រាប់ឪពុកម្ដាយ និងមនុស្សដែលស្រឡាញ់យើងពិតប្រាកដ។
ចង់ឱ្យខ្លួនឯងមានតម្លៃ ទាល់តែយើងចេះច្នៃ និងចេះផ្ដល់តម្លៃ ឃើញពីភាពសំខាន់របស់ខ្លួនឯង ហើយឈរនៅត្រង់ចំណុចមួយដែលសក្តិសមនឹងយើង នៅក្បែរ ឬជាមួយមនុស្សដែលយល់ពីតម្លៃ និងភាពសំខាន់របស់យើង។ ត្រូវចាំថា ការដែលយើងនៅត្រង់ចំណុចរបស់យើង នោះយើងរឹតតែមានតម្លៃ តែបើយើងប្រឹងប្រជ្រៀតខ្លួន ចូលទៅចំណុចមួយដែលមិនសក្តិសម ទោះយើងខំដល់ស្លាប់ក៏គ្មានន័យដែរ។ ដូចពាក្យគេថា " ប្រឹងខុសកន្លែង ទោះប្រឹង១០ឆ្នាំទៀត ក៏គ្មានប្រយោជន៍ដែរ "៕
ក្នុងស្រុករក្សាសិទ្ធ
អត្ថបទ ៖ ភី អេច