អារ៉ាប់ប៊ីសាអូឌីត ប្រទេសមានផ្ទៃដីធំជាងគេ និងក្រីក្រជាងគេនៅតំបន់មជ្ឈឹមបូព៌ាមុនសតវត្សរិ៍ទី២១ បច្ចុប្បន្នជាប្រទេសស៊ីវិល័យលើលោក

បើលើកឡើងពីតំបន់មជ្ឈឹមបូព៌ា  សង្កេតមើលលើផែនទីពិភពលោក យើងប្រាកដជាឃើញនូវផ្ទាំងផ្ទៃដីភាគច្រើនរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ប្រទេសមួយនេះ គឺមានផ្ទៃដីសរុប ២ ១៤៩ ៦៩០គីឡូម៉ែត្រក្រឡា គឺឈរចំណាត់ថ្នាក់លេខរៀងទី១២ លើសកលោកទៀតផងដែលមាន​ផ្ទៃដី​ធំបំផុត។

ខណៈប្រជាជនសព្វថ្ងៃមានដល់ប្រមាណ៣៣លាននាក់ ហើយបើនិយាយពីការអភិវឌ្ឍវិញ គឺត្រូវបានពិភពលោកទទួលស្គាល់ និងឲ្យតម្លៃថាជាប្រទេសស៊ីវិល័យផងដែរ ពីព្រោះគ្រាន់តែចំណូលសេដ្ឋកិច្ចប្រចាំ២០១៩ នេះមានរហូតដល់ទៅ ១.៩សែនលានដុល្លារទៅហើយ ឈរចំណាត់ថ្នាក់លេខ១៤លើពិភពលោកថែមទៀត។

ប៉ុន្តែប្រសិនបើក្រឡេកទៅអតីតកាលបន្តិចមិនយូរដល់លើសពី១០០ឆ្នាំនោះទេ ប្រវត្តិសាស្ត្រប្រទេសនេះបានចារ្យមកទុកថា គ្រាន់តែជាប្រទេសមានផ្ទៃដីទូលាយ​ចោល គ្មានការអភិវឌ្ឍ ប្រជាជនរស់នៅជាកុលសម្ព័ន្ធ ពោលគ្រាន់តែជាប្រទេសក្រីក្រតោកយ៉ាកមួយតែប៉ុណ្ណោះ។ នៅអំឡុងទសវត្សរិ៍ឆ្នាំ១៩២០ ប្រទេសនេះពុំទាន់នឹងមានផែនទីច្បាស់លាស់របស់ខ្លួន ខណៈក្នុងប្រទេសមានសង្គ្រាមស៊ីវិលធំរវាងក្រុមកុលម្ព័ន្ធ សាអ៊ូឌីត និងកុលសម្ព័ន្ធ វ៉ាហាប៊ី នៅឡើយ។

ប្រជាជនសរុបនៃប្រទេសអារ៉ាប់ប៊ីសាអូឌីតនាគ្រានោះសរុបមិនដល់១០លាននាក់​ផង។ ក្រោយបញ្ចប់សង្គ្រាមស៊ីវិល សង្គ្រាមរវាងអ្នកកាន់សាសនាក៏បន្តកើតឡើងនៅក្នុងទឹកដីប្រទេសនេះថែមទៀត។ បើនិយាយពីកម្លាំងយោធាវិញ ពួកកុលសម្ព័ន្ធក្នុងប្រទេសពឹងផ្អែកតែបរទេសរួមមានដូចជា ទួរគី អង់គ្លេស អូម៉ង់… ជាដើមតាមលក្ខខណ្ឌចរចារពួកគេរៀងៗខ្លួន។ អំឡុងសម័យសង្គ្រាមលោកលើកទី១ ដ្បិតមានការជួយជ្រោមជ្រែងពីចក្រភពអង់គ្លេស ឲ្យប្រទេសនេះរួបរួមតែមួយក៏ដោយក៏នៅតែគ្មានលទ្ធផល។ នៅចន្លោះទសវត្សរិ៍ឆ្នាំ១៩៣០ ខ្សែរាជវង្សថ្មីមួយបានកើតឡើង នោះគឺ សាអ៊ូឌីត ដ្បិតគ្រានោះនៅមានលក្ខណៈអន់ថយក្នុងការដឹកនាំ និងសភាពក្រីក្រដដែលក៏ដោយ។

តែអំណាចនៃខ្សែរាជវង្សនេះកាន់តែមានការគាំទ្រកើនឡើងពីសំណាក់ប្រជាជនក្នុងប្រទេស។ នៅចុងសតវត្សរិ៍ឆ្នាំ១៩៣០ ខ្សែរាជវង្សនេះបានបើកដៃចរចារឲ្យមានការវិនិយោគលើវិស័យប្រេងកាតលើដំបូងបំផុតលើទឹកដីមួយនេះឲ្យទៅក្រុមហ៊ុនសហរដ្ឋ​អាមេរិកមួយ។ ផលចំណេញពីប្រេងកាតនេះ បានហុចផលឲ្យ អារ៉ាប់ប៊ីសាអូឌីត យ៉ាងលឿនគួរឲ្យកត់សម្គាល់ ពោលគឺគិតត្រឹមសម័យសង្គ្រាមលោកលើកទី២ ទឹកដីនៃប្រទេសមួយនេះត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសអ្នកមានស្តុកស្ភមមួយទៅហើយ។

ហើយ អារ៉ាប់ប៊ីសាអូឌីត ក៏ត្រូវបានចាត់ទុកថាជាអ្នកអូសទាញពិភពលោកឲ្យឃើញពីការធ្វើអាជីវកម្មប្រេងកាតនៅតំបន់មជ្ឈឹមបូព៌ាផងដែរ ក្រោយមកប្រទេសជាច្រើននៅតំបន់នេះសុទ្ធតែទទួលផលពីការធ្វើអាជីវកម្មប្រេងកាតនេះ តាមអារ៉ាប់ប៊ីសាអូឌីត៕

ក្នុងស្រុករក្សាសិទ្ធ