# តើអ្វីជា Copywriter?
ពាក្យ Copy នៅទីនេះ មិនមែនមានន័យថា ចម្លង នោះទេ តែមានន័យថា ពាក្យ ឃ្លា ល្បះ សំណេរអត្ថបទ ខ្លឹមសារ ឬសំណៅដើមរបស់អ្នកនិពន្ធ។ ដូច្នេះ Copywriter និយាយឲ្យខ្លីងាយយល់ គឺអ្នកសរសេរអត្ថបទនោះឯង។
តែ Copywriter សម្រាប់ក្រុមហ៊ុន Agency ឬធុរកិច្ចពាណិជ្ជកម្ម អត្ថបទសំខាន់ដែលត្រូវសរសេរ គឺអត្ថបទផ្សាយពាណិជ្ជកម្ម (PR)។ ហេតុនេះ ចៀសមិនផុត ពាក្យ Copywriter នៅក្នុងភាសាខ្មែរគួរហៅថា អ្នកនិពន្ធអត្ថបទពាណិជ្ជកម្ម (PR Copywriter)។
ប៉ុន្តែ Copywriter មិនមែនសរសេរតែអត្ថបទពាណិជ្ជកម្មមួយមុខនោះទេ។ Copywriter មានន័យទូលំទូលាយជាង Writer ឬ អ្នកនិពន្ធទូទៅ ព្រោះ Copywriter គឺជាមេគំនិត ដែលមានតួនាទីធ្វើគ្រប់កិច្ចការដែលពាក់ព័ន្ធនឹងការសរសេរ ឬបង្កើតអ្វីដែលថ្មីពោរពេញដោយភាពច្នៃប្រតិដ្ឋ(Creative) មិនថាជាចំណងជើងអត្ថបទ ខ្លឹមសារអត្ថបទ ពាក្យស្លោក ឬបាវចនាក្រុមហ៊ុន(Tagline/Slogan) ទំនុកច្រៀង សេណារីយ៉ូកុន ស្ប៉តពាណិជ្ជកម្មសម្រាប់វិទ្យុ ទូរទស្សន៍ រួមទាំងការបកប្រែឯកសារផ្សេងៗ។
ជាធម្មតា Copywriter ម្នាក់ នឹងទទួល Brief ពីក្រុមហ៊ុនដៃគូ ហើយសហការយ៉ាងជិតស្និទ្ធជាមួយក្រុម Creative ដើម្បីបង្កើត Headline, Tagline/Slogan ឬ Script សម្រាប់អត្ថបទឃោសនា/TVC ឬ តាមមធ្យោបាយផ្សេងៗទៀត ទៅតាមតម្រូវការរបស់អតិថិជន។