តាំងពីបែកគ្នាមក អាចទម្លាប់ខ្លួនរស់នៅដោយគ្មានគេបានឬនៅ?

បែកគ្នាជារឿងដែលពិបាកនឹងទទួលយក រឹតតែពិបាកទៅទៀតនោះគឺ​ ធ្វើចិត្តរស់នៅដោយគ្មានគេបន្ទាប់ពីបែកគ្នា។ មនុស្សធ្លាប់ដឹងសុខទុក្ខគ្នា មនុស្សធ្លាប់នៅក្បែរគ្នា សួរនាំ និយាយគ្នា រករឿងគ្នា ឈ្លោះគ្នា ប្រាប់គ្នាគ្រប់រឿង មកដល់ថ្ងៃមួយក៏ស្រាប់តែបែកគ្នា សួរថា តើមានអ្នកណាអាចធ្វើចិត្តបានទៅ គឺវាពិបាកនឹងទទួលយកណាស់ តែយ៉ាងណា ការបែកមកដល់ ទោះចង់ ឬមិនចង់ ក៏ត្រូវតែព្រមទទួលយកមិនអាចប្រកែកបានឡើយ។

រហូតមកដល់ពេលនេះ បែកគ្នាយូរប៉ុនណាហើយ? ហើយអាចទម្លាប់ខ្លួនឯង ក្នុងការរស់នៅដោយគ្មានគេបានឬនៅ? គិតថាមនុស្សតិចណាស់ដែលអាចកាត់ចិត្ត អាចសម្របចិត្ត ហើយអាចបំភ្លេចការឈឺចាប់ដែលបានកើតឡើងនោះ គឺវាពិតជាពិបាកពិតមែន។

តែទោះជាយ៉ាងណាក៏ដោយ ក៏ត្រូវតែប្រឈមមុខ ត្រូវរឹងមាំ ហើយប្រាប់ខ្លួនឯងថា ត្រូវតែធ្វើឱ្យបាន កាលពីមុនយើងគ្មានគេ ពេលនេះក៏គ្មានគេ វាមិនមែនជាបញ្ហាឡើយ បំភ្លេចបាន ឬមិនបានជារឿងផ្សេង តែរឿងរស់នៅដោយគ្មានគេ រស់នៅជាមួយការពិត គឺជារឿងផ្សេង ព្រមទទួលស្គាល់ការពិតថា យើង និងគេលែងជាអ្វីនឹងគ្នាហើយ យើង និងគេបែកគ្នាហើយ យើង និងគេពិតជាអស់និស្ស័យ អស់កម្មនឹងគ្នាពិតមែន ល្មមដល់ពេលដែលអាចរស់នៅជាមួយខ្លួនឯងយ៉ាងមានសេរីភាពបានហើយ៕

67884818_1273973799452274_4441062227776110592_n

68239001_1272488936267427_3349578585366069248_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ