អ្នកខ្លះនិយាយថា មនុស្សស្រីអាយុច្រើនហើយនៅមិនទាន់រៀបការ ឬមនុស្សស្រីដែលនៅព្រៅមិនរៀបការ ជាមនុស្សស្រីអភ័ព្វ គ្មានអ្នកស្រឡាញ់ គ្មានមេគ្រួសារ ចាំការពារមើលថែ តែការពិតទៅ មិនមែនបែបហ្នឹងទេ។ មនុស្សស្រីដែលអភ័ព្វ គឺមនុស្សស្រីដែលរៀបការ ជួបជីវិតស្នេហាបរាជ័យ រៀបការ គ្រួសារគ្មានក្ដីសុខសុភមង្គល ប្ដីផ្សេងប្រពន្ធផ្សេង ទៅវិញទេដែលជាមនុស្សស្រីអភ័ព្វនោះ។
មនុស្សស្រីដែលអភ័ព្វពិតប្រាកដ គឺមនុស្សស្រីដែលរៀបការជាមួយនឹងប្ដីដែលមិនបានការ ប្ដីដែលក្បត់ចិត្តនាង ធ្វើបាបកាយចិត្តនាង លួចលាក់ ទាក់ទងស្រីខាងក្រៅ ប្ដីប្រពន្ធតែឈ្មោះ ពីរោះសម្រាប់តែអ្នកដទៃដឹងឮ តែក្នុងចិត្តនាងគឺឈឺគ្រាំគ្រារាល់ថ្ងៃ ប្ដីមិនដែលយល់ចិត្ត ប្ដីមិនដែលគោរពឱ្យតម្លៃនាង ប្ដីដែលគិតតែស៊ីផឹក ដើរលេងដាច់យប់ មិនដែលគិតប្រពន្ធកូន ជីវិតគ្រួសារមួយនេះហើយ ដែលធ្វើឱ្យមនុស្សស្រីមានឈ្មោះថាជា ស្រីអភ័ព្វ។
ចំណែកឯ មនុស្សស្រីដែលមានវ័យចំណាស់នៅមិនទាន់រៀបការ ឬជាមនុស្សស្រីនៅព្រៅមិនរៀបការ មិនមែនជាមនុស្សស្រីអភ័ព្វឡើយ ជីវិតនាង អាចនឹងឯកា អាចនឹងគ្មានអ្នកណាចាំនៅការពារ ឬមើលថែ តែយ៉ាងហោចណាស់ក៏ជីវិតនាង មិនចាំបាច់ត្រូវទៅ ឈឺក្បាលហាលថ្ងៃ ឈឺចាប់គ្រាំរីងរៃព្រោះតែអ្នកណា។ ម្យ៉ាងវិញទៀត មនុស្សស្រីបែបនេះ ជីវិតនាងឯករាជ្យបំផុត រឹងមាំបំផុត នាងអាចរកលុយបានដោយខ្លួនឯង នាងមានមុខរបរផ្ទាល់ខ្លួន មានការងារត្រឹមត្រូវ ជីវិតនាងមានសេរីភាព ចង់ដើរហើរទៅណាក៏បានតាមចិត្តនាងចង់ គ្រាន់តែថា នាងអាចនឹងហត់នឿយច្រើនជាងស្រណុកផ្លូវកាយ តែនាងក៏សប្បាយចិត្តច្រើនជាងដែរ៕
អត្ថបទ ៖ ភី អេច
ក្នងស្រុករក្សាសិទ្ធ