បើអ្នកប្រកាន់អតីតកាលរបស់ខ្ញុំ ដូច្នេះអ្នកក៏មិនអាចបន្ត រកអនាគតល្អជាមួយខ្ញុំបានដែរ

ខ្ញុំទទួលស្គាល់ ខ្ញុំធ្លាប់មានអតីតកាលមិនល្អ ជីវិតខ្ញុំមានរឿងរ៉ាវ និងបញ្ហាជាច្រើនកន្លងមកនេះ ម្យ៉ាងទៀត គ្រួសារខ្ញុំ មិនមែនជាគ្រួសារអ្នកមាននោះដែរ ប៉ុន្តែ អ្វីដែលខ្ញុំអាចធានាអះអាងបានគឺ ខ្ញុំមានបច្ចុប្បន្នមួយដែលអាចរស់នៅ ចុះសម្រុងក្នុងសង្គមមួយនេះបាន ដូចនេះ ខ្ញុំសង្ឃឹមថា អ្នកនឹងអាចទទួលយកបានដូចគ្នា។

ខ្ញុំបានចាកចេញពីអតីតកាលនោះហើយ ខ្ញុំបានកែប្រែផ្លាស់ប្ដូរខ្សែជីវិតរបស់ខ្ញុំមួយនេះហើយ ខ្ញុំបានសាងបច្ចុប្បន្នភាពមួយដែលល្អប្រសើរហើយ ហើយអ្នកស្រឡាញ់ខ្ញុំ អ្នកចង់មានអនាគតមួយរួមគ្នានឹងខ្ញុំ អ្នកក៏ត្រូវតែព្រមបើកចិត្តទទួលយក ឬក៏បំភ្លេចនូវអតីតកាលនោះរបស់ខ្ញុំចោល ទើបយើងអាចរួមរស់ សាងអនាគតមួយបានជាមួយគ្នា។

បើអ្នកពិតជាស្រឡាញ់ខ្ញុំ សូមកុំខ្វល់ថា អតីតកាលខ្ញុំបែបណា ខ្ញុំធ្លាប់ធ្វើអ្វី ខ្ញុំធ្លាប់ទាក់ទងអ្នកណា ខ្ញុំធ្លាប់ជួបបញ្ហា ឬឈឺចាប់ក្នុងរឿងស្នេហាបែបណា សូមកុំប្រកាន់នឹងរឿងស្នេហា ឬសង្សារចាស់របស់ខ្ញុំ បើអ្នកអាចធ្វើបាន ទើបយើងអាចបន្តទៅមុខ រកអនាគតពិតប្រាកដជាមួយគ្នា តែបើអ្នកនៅតែប្រកាន់ ឬមានបំណងចង់រើកកាយវាចេញមក នៅថ្ងៃណាមួយ ដែលយើងឈ្លោះគ្នា ឬមានបញ្ហា ខឹង អន់ចិត្តនឹងគ្នា នោះយើងពិតជាមិនអាចមានបច្ចុប្បន្ន ហើយសាងអនាគតរួមគ្នាបានឡើយ៕

68845239_2541222232624760_7437341871434629120_n

68849228_2452959051589532_4621053312035192832_n

68888208_497295857695574_1434566892734906368_n

69557853_2366343323629119_7299919479356522496_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ