នៅក្នុងអតីតកាល ប្រវត្តិសាស្ត្រខ្មែរគឺជាមហាណាចក្រដ៏ធំធេង និងជាអាណាព្យាបាលរបស់ប្រទេសជាច្រើនផង។ នៅក្នុងនោះរួមមាន ដូចជា ប្រទេសចំប៉ា សៀម ភូមា ។ល។ រហូតមកដល់សព្វកាលបច្ចុប្បន្នេះ កិត្តិនាមរបស់ព្រះមហាក្សត្រខ្មែរនីមួយនៅតែល្បីល្បាញជាប់តរហូតមក។ ខាងក្រោមនេះ គឺជាជីវប្រវត្តិព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែខាងសឹកសង្គ្រាម និងជាក្សត្រដែលកសាងសមទ្ធិផលយ៉ាងច្រើនដល់កម្ពុជាយើង រួមមាន ប្រាសាទព្រះវិហារ អង្គរវត្ត ។ល។
ព្រះមហាក្សត្រខ្មែរមួយអង្គ ដែលជាអ្នកផ្ដួចផ្ដើមសំណង់ស្ថាបត្យកម្មដ៏ល្បីល្បាញ និងជានិមិត្តរូបនៃប្រទេសកម្ពុជា គឺ ព្រះបាទសូរ្យវរ្ម័នទី២។ ព្រះអង្គឡើងគ្រងរាជ្យនៅដើមសតវត្សទី១២ បន្ទាប់ពីបានធ្វើគត់ព្រះរាជាពីរអង្គ ដែលសោយរាជ្យមុនព្រះអង្គឡើងគ្រងរាជ្យ។
ព្រះបាទសូរ្យវរ្ម័នទី២ (ឆ្នាំ១១១៣-ឆ្នាំ១១៥០)
ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រះមហាក្សត្រខ្មែរសម័យអង្គរដ៏ល្បីល្បាញមួយព្រះអង្គ។ ស្នាព្រះហស្ដដ៏សំខាន់ជាងគេក្នុងរាជ្យរបស់ព្រះអង្គ គឺការដឹកនាំស្ថាបនាប្រាសាទអង្គរវត្តដ៏ល្អគ្មានពីរនៅលើពិភពលោកយើងនេះ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ការដណ្ដើមអំណាចឡើងគ្រងរាជ្យរបស់ព្រះអង្គ ពោរពេញទៅដោយការបង្ហូរឈាមមួយក្នុងទំព័រប្រវត្តិសាស្ត្រ។
មុនពេលដែលព្រះអង្គឡើងគ្រងរាជ្យនោះ ប្រទេសកម្ពុជា មានព្រះរាជាពីរអង្គគ្រងរាជ្យក្នុងពេលតែមួយ។ មួយអង្គទ្រង់សោយរាជ្យនៅរាជធានីអង្គរ មានព្រះនាមថា “ព្រះបាទនឫទិន្ទ្រវរ្ម័ន”ដែលឡើងសោយរាជ្យស្របច្បាប់បន្តពីព្រះបាទហស៌វរ្ម័នទី៣។ មួយព្រះអង្គទៀតព្រះនាម “ព្រះបាទធរណិន្ទ្រវរ្ម័នទី១”ដែលទ្រង់សោយរាជ្យបន្តពីព្រះរៀមរបស់ព្រះអង្គ គឺព្រះបាទជ័យវរ្ម័នទី៦ នៅរាជធានីមហិធរៈបុរៈ ដែលស្ថិតនៅភាគខាងលិចនៃប្រទេស។ ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ទ្រង់ឡើងសោយរាជ្យនៅឆ្នាំ១១០៧ ហើយទ្រង់ចូលទិវង្គតឆ្នាំ១១១២ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា បរមនិស្កលបទ។
អ្នកដែលធ្វើគត់ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ដើម្បីដណ្ដើមរាជ្យនោះ គឺ ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាចៅក្មួយរបស់ព្រះអង្គនោះឯង។ ដំបូងឡើង ព្រះបាទសូរ្យវរ្ម័នទី២ ធ្វើគត់ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ជាឪពុកមារបស់ខ្លួន។ បន្ទាប់មក ព្រះអង្គក៏បានលើកទ័ពទៅច្បាំងជាមួយព្រះបាទនឫទិន្ទ្រវរ្ម័ន ព្រះរាជាសោយរាជ្យនៅរាជធានីអង្គរ ហើយធ្វើគត់ព្រះអង្គបានទៀត។ ការធ្វើគត់ព្រះរាជាទាំងពីរដែលចែកដីគ្នាគ្រងរាជ្យនៅកម្ពុជា ក្នុងពេលតែមួយនេះ បានធ្វើអោយព្រះបាទសូរ្យវរ្ម័នទី២ អាចបង្រួបបង្រួមនគរខ្មែរអោយទៅជាមួយឡើងវិញ។
ក្រោយពីធ្វើគត់ព្រះរាជាទាំងពីរបានហើយ ព្រះអង្គក៏ទ្រង់ឡើងសោយរាជ្យនៅរាជធានីអង្គរ។ ពិធីរាជាភិសេកក្នុងការឡើងគ្រងរាជ្យនេះ ត្រូវបានរៀបចំឡើងដោយព្រះរាជគ្រូព្រាហ្មណ៍បុរោហិតទិវាករបណ្ឌិតដដែល។
លុះទ្រង់បានឡើងសោយរាជ្យហើយ ព្រះអង្គទ្រង់បានភ្ជាប់ចំណងមិត្តភាពជាមួយប្រទេសចិនឡើងវិញ ហើយព្រះអង្គបានបញ្ជូនគណៈបេសកកម្មការទូតពីរទៅប្រទេសចិន គឺមួយនៅឆ្នាំ១១១៦ និងមួយទៀតនៅឆ្នាំ១១២០ នៃគ្រិស្ដសករាជ។
ព្រះបាទសូរ្យវរ្ម័នទី២ ជាស្ដេចសឹកដ៏អង់អាចក្លាហាន។ ព្រះអង្គបានធ្វើសង្គ្រាមជាញឹកញាប់ ដោយបានច្បាំងជាច្រើនលើកច្រើនសាជាមួយនឹងប្រទេសចំប៉ា ដែលបានបញ្ជូនទ័ពមកឈ្លានពានទឹកដីខ្មែរតាំងពីមុនរាជ្យរបស់ព្រះអង្គ គឺពេលដែលប្រទេសបែកបាក់គ្នា ហើយមានស្ដេចសោយរាជ្យដល់ទៅពីរអង្គក្នុងពេលតែមួយនោះ។
សង្គ្រាមជាមួយប្រទេសចំប៉ា នេះបានទទួលជោគជ័យ ហើយខ្មែរបានកាន់កាប់រាជធានីវិជ័យពីឆ្នាំ១១៤៥ ដល់ឆ្នាំ១១៤៩ ហើយដាក់ប្អូនថ្លៃព្រះអង្គឈ្មោះ “ហរិទេវៈ”អោយសោយរាជ្យនៅទីនោះផង។
ច្បាំងនឹងយួនដៃវៀត ដែលចេះតែឃុបឃិតគាំទ្រពួកក្បត់ ហើយអនុញ្ញាតអោយពួកនេះជ្រកកោនផង។ ច្បាំងនឹងក្សត្របុរីថៃ ដែលក្រោកបះបោរនៅវាលទំនាបខាងលើនៃទន្លេមេណាមផង ហើយច្បាំងជាមួយពួកមន នៅហរិបុញ្ជ័យ ថែមទៀតផង។ ដោយសារព្រះអង្គជាស្ដេចសឹកដ៏ខ្លាំងពូកែដូច្នេះហើយ ទើបព្រះចៅក្រុងចិនថ្វាយព្រះឋានន្តរនាមដ៏ខ្ពង់ខ្ពស់ចំពោះព្រះអង្គថា “គិនពីវពិនចេង” ដែលប្រហែលជាត្រូវនឹងពាក្យខ្មែរថា “កម្រតេង” នោះឯង។
ក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសខ្មែរមានវិសាលភាពធំទូលាយណាស់ គឺខាងជើងទល់នឹងប្រទេសចិន ខាងត្បូងទល់នឹងសមុទ្រចិន គឺពីកូថារ៉ា (បច្ចុប្បន្នញ៉ាត្រាង ក្នុងប្រទេសវៀតណាម) រហូតដល់ឈូងសមុទ្របានឌុង (នៅម៉ាឡេស៊ី)។ ខាងលិចទល់នឹងប្រទេសភូមា ហើយព្រំប្រទល់ខាងកើតទល់នឹងប្រទេសចំប៉ា។ ម្យ៉ាងទៀត ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ជាមគ្គុទ្ទេសក៍ដ៏ឆ្លាតវាងវៃក្នុងការដឹកនាំប្រទេសជាតិ។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរដំបូងបំផុត ដែលមានជំនឿស៊ប់លើសាសនាព្រាហ្មណ៍គណៈព្រះវិស្ណុ ដែលក្នុងសម័យនោះមានប្រជាប្រិយភាពធំធេងនៅប្រទេសឥណ្ឌាផង និងនៅកោះជ្វាផង។ ព្រះអង្គបានលើកតម្កើងសាសនាព្រាហ្មណ៍គណៈវិស្ណុ នេះអោយទៅជាសាសនារបស់រដ្ឋ។
នៅក្នុងរាជ្យរបស់ព្រះអង្គ បដិមាតំណាងព្រះរាជាដែលគេតម្កល់ក្នុងប្រាសាទធំៗ លែងជាសិវលិង្គរបស់ព្រះឥសូរ ទៀតហើយ តែជាព្រះវិស្ណុបដិមាវិញ។ ខាងវិស័យសំណង់ “ព្រះបាទសូរ្យវរ្ម័នទី២” ទ្រង់ជាព្រះមហាក្សត្រមួយអង្គដែលមានស្នាព្រះហស្តយ៉ាងច្រើនសម្បើម ដោយព្រះអង្គបានបន្តការស្ថាបនាប្រាសាទភ្នំជីសូរ ប្រាសាទភ្នំសណ្ដក ប្រាសាទវត្តភូនិងប្រាសាទព្រះវិហារ។ ឯសំណង់ថ្មីមានប្រាសាទព្រះពិធូរ ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ ប្រាសាទបន្ទាយសំរ៉ែនិង ប្រាសាទអង្គរវត្តដែលជាស្នាដៃដ៏ល្អប្រណីតនៃសិល្បៈខ្មែរ ហើយដែលត្រូវគេចាត់ទុកថា ជាសំណង់សាសនាមួយដ៏ធំជាងគេក្នុងពិភពលោក។ ប្រាសាទអង្គរវត្តក៏ជាទីដែលគេតម្កល់បដិមាព្រះវិស្ណុ និងក៏ប្រហែលជាទីដែលគេបញ្ចុះព្រះធាតុរបស់ព្រះអង្គ ក្នុងពេលដែលព្រះអង្គសោយទិវង្គតទៅនោះ។
នៅភាគខាងចុងរាជ្យរបស់ព្រះអង្គក្នុងឆ្នាំ១១៤៩ ពួកចាម បានបះបោរ រួចបានធ្វើគត់ ហរិទេវៈ ដែលជាប្អូនថ្លៃរបស់ព្រះអង្គសោយរាជ្យនៅក្រុងវិជ័យ ហើយរំដោះប្រទេសចំប៉ា បានពីកម្ពុជាវិញ។ ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ឡើងគ្រងរាជ្យពីឆ្នាំ១១១៣ ហើយប្រហែលជាទ្រង់សោយទិវង្គត នៅឆ្នាំ១១៤៩ ឬ ឆ្នាំ១១៥០ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា “បរមវិស្ណុលោក”៕
កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)
មតិយោបល់របស់អ្នកអាន
ចំណុចត្រង់ថា សូរ្យវរ្ម័នទី២ បានកសាងអង្គរឡើងមុនគេ។មានន័យថាយ៉ាងម៉េចទៅ?តើអង្គរមុនគេចង់សំដៅទៅលើប្រាសាទឬក៏ទីក្រុង?ចុះស្តេចសោយរាជ្យបន្តបន្ទាប់ពី ព្រះអង្គ
សូមបន្ត ស្តេចសោយរាជ្យបន្តបន្ទាប់ពី ព្រះបាទ ជ័យវរ្ម័នទី២បានធ្វើអ្វីខ្លះ?តើក្រុងអង្គរចាប់ផ្តើមពីរាជព្រះបាទអង្គណាទៅ?
អ្នកស្រាយជ្រាវតែងតែកំណត់យក គ ស ៨០២ ដល់ គ ស ១៤៣១ ជាការចាប់ ផ្តើមនិងចប់នៃសម័យអង្គរក្នុងប្រវត្តិសាស្ត្រខ្មែរ ។ តាមការពិតឆ្នាំទាំងពីរនេះមិនមែនជាការចាប់ផ្តើមនិងចប់ទេ លោក ដេវិឌ ឆាណ្ឌល័រ បាននិយាយ។
គ ស ៨០២ ជ័យវរ្ម័នទី២សោយរាជ្យបន្ត គ ស ៨៧៧ ឥន្ទ្រវរ្ម័នទី១
គ ស ៨៨៩ យសោវរ្ម័នទី១
គ ស ៩២៨ ជ័យវរ្ម័នទី៤
គ ស ៩៤៤ រាជេន្ទ្រវរ្ម័នទី៤
គ ស ៩៦៨ ជ័យវរ្ម័នទី៥
គ ស ១០០២ សូរ្យវរ្ម័នទី១
គ ស ១០៥០ ឧទយ្យាទិត្យវរ្ម័នទី២
គ ស ១០៦៦ ហស៌វរ្ម័នទី៣
គ ស ១០៨០ ជ័យវរ្ម័នទី៦
ចលាចល
គ ស ១១១៣ សូរ្យវរ្ម័នទី២
ចង់ថា កសាងប្រាសាទអង្គរមុនគេក៏មិនមែន និង ថា កសាងក្រុងអង្គរមុនគេក៏មិនមែន
មួយទៀត ទ្រង់ជាអ្នកបង្រួបបង្រួមជាតិហើយ ប៉ុន្តែមិនមែនមុនគេទេក្នុងសម័យមហាអង្គរ មុនគេគឺ ព្រះបាទ ជ័យវរ្ម័នទី២។
សូមកែបន្តិច គឺ គ ស ៨០២ ជ័យវរ្ម័នទី២ សោយរាជ្យ រួចបន្តបន្ទាប់ គ្នាតាមហ្នឹងទៅ។ សូមអរគុណ ។