ភាគច្រើននៃមនុស្សប្រុសគឺ ពូកែលែខាយ ពូកែញ៉ែ ហើយក៏ពូកែតែសន្យាខ្យល់ សម្ដីមនុស្សប្រុសជឿមិនបានទេ ដូចពាក្យចាស់ថា " ជឿសម្ដីមនុស្សប្រុស គឺអស់ស្រូវពូជហើយ " វាជាពាក្យពិត មិនអាចប្រកេបានឡើយ។
ទទួលស្គាល់ថា មនុស្សប្រុសពិតប្រាកដគឺ ចិត្តជាកូនប្រុសពេញលេញ ហ៊ានស៊ីហា៊នសង ហ៊ាននិយាយហ៊ានធ្វើ ហ៊ានសន្យាក៏ហា៊នគោរពពាក្យសន្យាដែរ តែមនុស្សប្រុសខ្លះគឺ ចោលម្សៀតចំតួ បានតែនិយាយ បានតែក្ដែងៗ តែជាក់ស្ដែងគឺ ទន្សាយចំ រត់យករួចខ្លួន គ្មានទំនួនខុសត្រូវ។
មនុស្សប្រុសគឺ ពូកែសន្យា ចំណែកមនុស្សស្រីគឺ ពូកែជឿពាក្យសន្យា ព្រោះតែបែបនេះហើយទើប មនុស្សប្រុសចូលចិត្តសន្យា ដោយមិនខ្វល់ទេថា មនុស្សថោកថ្លៃគឺលើសម្ដីនេះឯង តែគេមិនខ្វល់ទេ សំខាន់ឱ្យតែគេអាចល្បួង អាចបន្ទន់ អាចកុហក អាចយកបានចិត្តកាយមនុស្សស្រីម្នាក់នេះ និយាយរួមទៅគឺ គេអាចយកឈ្នះលើក្ដីស្រឡាញ់របស់មនុស្សម្នាក់ គេអាចលលេងនឹងមនោសញ្ចេតនារបស់មនុស្សស្រីម្នាក់ គេអាចកេងចំណេញលើភាពទន់ជ្រាយ និងចិត្តទោរទន់របស់មនុស្សស្រីម្នាក់ នោះគឺគេសប្បាយរីករាយហើយ។ តែសូមកុំភ្លេចថា អាចយកឈ្នះលើមនុស្សស្រីទន់ខ្សោយ អាចបោកប្រាស់មនោសញ្ចេតនាមនុស្សស្រីម្នាក់បាន វាគឺជាជោគជ័យដ័ថោកទាបបំផុត៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ