ថ្មីៗនេះនៅលើលើបណ្តាញសង្គមហ្វេសប៊ុកផេក របស់ក្រសួងទេសចរណ៍ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ Smart Phone ថ្មីលើកដំបូង ដែលមានឈ្មោះថា «Kingdom of Wonder» ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់ខ្លួនតាមប្រព័ន្ធឌីជីថល ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោកឱ្យកាន់តែខ្លាំងក្លា និងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យកាន់តែមានកំណើនច្រើនជាងមុន។
កម្មវិធីទូរស័ព្ទមួយនេះ មានបណ្តុំទៅដោយព័ត៌មានទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដែលរួមមាន គោលដៅទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍ ផែនទីទេសចរណ៍ ជើងហោះហើរ អាកាសធាតុ ភោជនីយដ្ឋាន កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរក្នុងស្រុក និងព័ត៌មានសំខាន់ៗដទៃទៀត ដែលផ្តល់ភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន សម្រាប់ភ្ញៀវទេសចរ ដែលមានបំណងមកទស្សនាកម្ពុជាផងដែរ។
ក្រសួងទេសចរណ៍ សង្ឃឹមថាតាមរយៈការបង្កើត App ថ្មីនេះ នឹងធ្វើឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ និងក្រុមហ៊ុនទេសចរណ៍ទាំងអស់មានភាពងាយស្រួល ក្នុងការស្វែងរកពត៌មានទេសចរណ៍នានាមុនមកទស្សនា និងពេលមកទស្សនាកម្ពុជា៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក