កុងទឺន័រចំនួន៨៣ទូរ ដែលមានផ្ទុកកាក់សំណល់ប្លាស្ទិក ដែលគេបោះចោល នាំមកពីមកពីបរទេស ត្រូវកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកប្រតិបត្តិការឆែកឆេរ នៅខេត្តព្រះសីហនុ ។ នេះបើលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន។
មន្ដ្រីគយដែលចូលរួមប្រតិបត្តិការនេះ បានបង្ហើបថា កុងទឺន័រចំនួន៨៣ទូរ ដែលមានផ្ទុកកាក់សំណល់សំរាមប្លាស្ទិក គឺនាំចូលមកពីសហរដ្ឋអាមេរិក និងកាណាដា ។ ហើយមូលហេតុដែលកាក់សំណល់នេះ អាចនាំចូលមកប្រទេសកម្ពុជាបាន ព្រោះតែប្រទេសប្រភពដើម បានក្លែងបន្លំឯកសារនាំចូល ដោយមិនបញ្ជាក់ប្រភេទទំនិញច្បាស់លាស់ ពោលគ្រាន់តែសរសេរថា យថាប្រភេទទំនិញកែច្នៃ ប៉ុន្ដែពេលមកដល់កម្ពុជា ទើបស្កែនឃើញថា ជាសំរាមប្លាស្ទិក ។
ពាក់ព័ន្ធករណីនាំកាក់សំណល់ចូលប្រទេសកម្ពុជានេះ កាលពីពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសយ៉ាងដាច់ណាត់ថា មិនអនុញ្ញាតឲ្យមានជាដាច់ខាត ដើម្បីបោះចោលកាក់សំណល់ ព្រោះប្រទេសកម្ពុជាមិនមែនជាធុងសំរាមសម្រាប់បោះចោលឡើយ ។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាអនុញ្ញាតឲ្យធ្វើបែបនេះ មិនយូរមិនឆាប់នោះទេ កម្ពុជានឹងក្លាយជាប្រទេសមួយដែលរង់ចាំទទួលសំរាមពីបរទេសជាក់ជាមិនខានឡើយ ហើយសម្ដេចអះអាងទៀតថា កម្ពុជាមិនមែនជាប្រទេសចោលសំរាមឧស្សាហកម្មនោះទេ៕