ភ្នំ ឱរ៉ាល់ គឺជាចំណុចដែលខ្ពស់ជាងគេនៃប្រទេសកម្ពុជា ហើយក៏ជាភ្នំដែលខ្ពស់ជាងគេផងដែរនៅខ្មែរយើង ដែលមានទីតាំងស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង មានរយៈកម្ពស់រហូតដល់ទៅ ១៨១៣ ម៉ែត្រ។ ដូច្នេះហើយការធ្វើដំណើរឡើងទៅលើភ្នំមួយនេះពិតជាមិនមែនជារឿងងាយស្រួលនោះទេ សភាពផ្លូវក៏លំបាកលំបិន សូម្បីតែផ្លូវធ្វើដំណើរក៏ស្ទើរតែគ្មានពោលគឺត្រូវដើរកាត់ព្រៃ ចុះឡើងទួលជាដើម។
ក្រៅពីមានការលំបាកខ្លាំងនៅក្នុងការឡើងទៅដល់ភ្នំដែលខ្ពស់ជាងគេមួយនេះ ភ្នំឱរ៉ាល់ត្រូវបានគឹដឹងថា មានប្រវត្តិធ្លាប់មានយន្តហោះជាច្រើនគ្រឿងបានធ្លាក់នៅទីភ្នំនេះទាំងនៅក្នុងសម័យសង្គ្រាម និងរយៈពេលកាលពីប៉ុន្មានឆ្នាំមុន។
តាមរយៈគណនីហ្វេសប៊ុកផេក បាយ័នយូនីគ-Bayon Unique Photography & Adventure បានសរសេររៀបរាប់យ៉ាងលម្អិតពីករណីធ្លាក់យន្តហោះមួយគ្រឿងកាលពិសម័យសង្គ្រាមដែលបន្សល់នូវបំណែកខ្មោចយន្តហោះដល់សព្វថ្ងៃ ដោយ «ក្នុងស្រុក » សូមធ្វើការដកស្រង់ទាំងស្រុងដូចខាងក្រោមនេះ៖
"ទីបំផុតយើងបានដឹងពីប្រវត្តិនៃយន្តហោះដែលធ្លាក់លើកំពូលភ្នំឱរ៉ាល់នេះហើយបន្ទាប់ពីឡើងទៅលើកទី៥"។
ខ្ញុំបានឃើញឡូហ្គូនៅលើកន្ទុយយន្តហោះជាមួយនឹងអក្សរឡាតាំង "CAI" និងអក្សរកូដយន្តហោះ "XW-PKJ" ហើយក៍សាកស្រាវជ្រាវលើ Google មើល។
យន្តហោះនេះបានធ្លាក់នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ១៩៧៤(ចំថ្ងៃបុណ្យគ្រីស្តម៉ាស)អំឡុងពេលកំពុងហោះហើរពីព្រលានយន្តហោះខេត្តបាត់ដំបង Battambang Airport (BBM/VDBG)ទៅកាន់ព្រលានយន្តហោះពោចិនតុងក្រុងភ្នំពេញ Phnom Penh-Pochentong Airport (PNH/VDPP) ដែលបណ្តាលឱ្យមានមនុស្សស្លាប់សរុបចំនួន ១១នាក់ (អ្នកដំណើរ ៨នាក់ ភីឡុត ២នាក់ និង អ្នកបំរើការលើយន្តហោះ១ នាក់)។ មូលហេតុនៃការធ្លាក់មិនត្រូវបានដឹងប្រាកដឡើយ។ បើតាមការសន្និដ្ថាន វាអាចធ្លាក់ដោយការហោះបុកកំពូលភ្នំ (អព្ទ័ខ្លាំងមើលមិនឃើញ) ឬ ត្រូវបានគេបាញ់ទម្លាក់ (ចុងឆ្នាំ១៩៧៤គឺជាឆ្នាំប្រទាញ់ប្រទង់រវាងរបបលោក លន់ ណុល និង ប៉ុល ពត)។
# ប្រវត្តិបន្ថែម
យន្តហោះនេះត្រូវបានផលិតឡើងនៅឆ្នាំ១៩៤៣។ មកទល់ពេលនេះវាមានអាយុ ៧៧ ឆ្នាំហើយ។វាជាប្រភេទយន្តហោះដឹកអ្នកដំណើរដែលមានឈ្មោះថា Curtiss C-46 Commando ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរនិងភីឡុតបាន ៦២ អ្នក។ក្នុងអំឡុងសង្រ្គាមលោកលើកទី២ វាត្រូវបានប្រទេសអាមេរិកយកទៅប្រើប្រាស់ក្នុងកងទ័ពអាកាស និង កងទ័ពជើងទឹកផងដែរ។បន្ទាប់ពីសង្រ្គាបលោកលើកទី២បានបញ្ចប់ គេក៍យកវាមកប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរវិញ ហើយ១ ចំនួនតូចក៍ត្រូវបានលក់ចេញទៅឱ្យប្រទេសផ្សេងៗជុំវិញពិភពលោក ដែលក្នុងនោះមានប្រទេសនៅតំបន់អាស៊ីផងដែរ។ យន្តហោះនេះត្រូវបានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ កម្ពុជា ជួលតពីក្រុមហ៊ុនអាកាសចរណ៍ Lane Xang Airlines (ប្រទេសឡាវ)។
នេះគ្រាន់តែជាព័ត៌មានតិចតួចដែលខ្ញុំបានដឹងតាមការស្រាវជ្រាវលើGoogle តែប៉ុន្នោះ។ បើបងប្អូនដឹងពត័រមានបន្ថែមសូមជួយខមមិនប្រាប់ផង! សូមអគុណទុកមុន។
ឯកសារយោង៖ ពីគេហទំព័រ Aviation Safety Network (https://aviation-safety.net/database/record.php…) និង Bureau of Aircraft Accidents Archive (https://www.baaa-acro.com/city/phnom-penh)
ចុះប្រិយមិត្តយល់ណាដែរ? សូមទស្សនារូបភាពខាងក្រោមនេះ ៖
ប្រភពរូបភាព និងអត្ថបទ៖ បាយ័នយូនីគ-Bayon Unique Photography & Adventure