សៀមរាប៖ ផ្កាចាហួយ គឺជាផ្កាមួយប្រភេទដែលមានពណ៌ផ្កាឈូក ស៊ីជម្ពូរស្រស់ស្អាត ដុះនៅក្នុងព្រៃ ដែលមនុស្សភាគច្រើនប្រហែលជាស្គាល់ច្រើនព្រោះផ្កាមួយនេះត្រូវបានគេក្រងជាកម្រងផ្កាលក់នៅតាមផ្លូវទៅលេងទឹកជ្រោះគីរីរម្យ។ តែសម្រាប់អ្នកចង់ទស្សនាវាលផ្កាចាហួយស្រស់ស្អាតមួយវាលធំ ដូចឋានសួគ៌ « ក្នុងស្រុក » សូមណែនាំទៅកន្លែងមួយនោះគឺ «ភ្នំអំពិល » ខេត្តសៀមរាប។
«ភ្នំអំពិល » ត្រូវបានគេដឹងថា ចាប់ពីខែ៧ទៅ ផ្កាចាហួយនឹងចាប់ផ្ដើមរីកឡើងពាសពេញដី ប្រកបដោយភាពស្រស់ស្អាត អមដោយទេសភាពជុំវិញធម្មជាតិខៀវស្រងាត់ធ្វើឱ្យអារម្មណ៍របស់លោកអ្នកមានភាពស្រស់ស្រាយប្លែកតែម្តង នៅក្នុងនោះផ្កាអំពិលក្រៅពីជាផ្កាដ៏ស្រស់ស្អាត ត្រូវបានគេដឹងថាអាចបេះផ្កាវាធ្វើជាអន្លក់សម្រាប់ទទួលទានផងដែរ។
នៅក្នុងនោះ ដើម្បីទៅដល់វាលផ្កាអំពិលដ៏ស្រស់ស្អាត មធ្យោបាយការធ្វើដំណើររាងពិបាកបន្តិចហើយ ដោយលោកអ្នកត្រូវតែជួលគោយន្តជិះឡើងភ្នំទើបបាន ព្រោះយើងមិនអាចជិះយានយន្តឡើងបាននោះទេ ហើយជាពិសេសពេលទៅលេងកម្សាន្ត អ្នកអាចវេចខ្ចប់អាហារយកទៅទទួលទានទីនោះ ឬក៏អាចឱ្យអ្នកភូមិចម្អិនឱ្យក៏បានដែរ។
គួរឱ្យដឹងផងដែរថា ផ្កាចាហួយ នៅភ្នំអំពិល មួយវាលធំដុះពាសពេញដីយ៉ាងស្រស់ស្អាតដូចឋានសួគ៌នេះ មានទីតាំងនៅ ភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក