ទោះមានអ្វីៗគ្រប់យ៉ាងក៏ដោយ ក៏មិនប្រាកដថា អាចរក្សាក្ដីស្រឡាញ់បានរហូតដែរ

ចំណាយពេលស្រឡាញ់គ្នា ក្រលំបាកមកជាមួយគ្នា ខិតខំតស៊ូប្រឹងប្រែងរួមគ្នា រហូតដល់ពេលមួយមានអ្វីៗគ្រប់យ៉ាង តែបែរជាមិនមានពេលវេលាក្បែរគ្នា មិនមានសូម្បីតែពេលដើម្បីយល់ចិត្តគ្នា មានគ្រប់យ៉ាង តែយើងបែរជាបាត់បង់ក្ដីស្រឡាញ់ទៅវិញ មានគ្រប់យ៉ាង តែបែរជាគ្មានក្ដីសុខ គ្មានសុភមង្គល ខ្វះភាពកក់ក្ដៅឱ្យគ្នា តើមានដើម្បីអ្វី?

ធ្លាប់គិតថា ឱ្យតែយើងមានលុយ មានឡាន មានមុខមាត់ក្នុងសង្គម នោះយើងនឹងមានគ្រប់យ៉ាងហើយ តែអ្វីៗ វាមិនដូចការគិតរបស់យើងឡើយ។ ពេលមាន ម្នាក់ៗបែរជាគ្មានពេលឱ្យគ្នា ពេលមាន ម្ខាងៗប្រែជាផ្លាស់ប្ដូរ កែប្រែចិត្តគំនិត លែងឱ្យតម្លៃគ្នា លែងមានក្ដីស្រឡាញ់ឱ្យគ្នា តើយើងមានដើម្បីអ្វី?

ពេលនេះ មានលុយច្រើនប៉ុនណា ក៏មិនអាចទិញអារម្មណ៍ល្អៗរវាងយើងមកវិញបានដែរ។ មានប៉ុនណា ក៏មិនអាចទិញពេលវេលាឱ្យគ្នាបានដែរ។ លុយច្រើនប៉ុនណា ក៏មិនអាចឱ្យយើងកក់ក្ដៅបានដែរ។ មានលុយច្រើនយ៉ាងណា ក៏យើងមិនអាចត្រឡប់ដូចដើមបានដែរ។ រវាងយើង គឺត្រូវបានបញ្ចប់អស់ហើយតើមែនទេ? រវាងយើង ពិតជាមិនអាចត្រឡប់បានពិតមែនទេ? បើអាចត្រឡប់ក្រោយ គឺចង់ត្រឡប់ទៅរកពេលវេលាដំបូងដែលយើងមានឱ្យគ្នា ពេលនោះគឺ មានក្ដីសុខ មានស្នាមញញឹម មានសុភមង្គលខ្លាំងណាស់៕

66043810_360105881364245_2966170600063631360_n

66154041_360105924697574_4173086827198021632_n

66317433_360105668030933_3482790075543060480_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ