ធ្លាប់ទេ? ពេលខ្លះស្រាប់តែមានអារម្មណ៍ថាហត់នឿយ ពេលខ្លះ ក៏ចង់ចុះចាញ់ ដោយសារហត់នឿយនឹងបញ្ហាច្រើនហួសហេតុពេក ដែលយើងត្រឹមជាមនុស្សធម្មតាម្នាក់ មិនអាចនឹងជំនះបាន...
គិតៗទៅ ខ្ញុំបានព្យាយាមរឹងមាំមកយូរហើយ ហើយក៏តស៊ូមកបានឆ្ងាយហើយដែរ តែការតស៊ូ និងភាពរឹងមាំ លាក់បាំងការឈឺចាប់ និងទឹកភ្នែកនេះ វាដល់ពេលកំណត់ហើយ។ ពេលខ្លះក៏ចង់ស្រែក ថាពេលនេះខ្ញុំពិបាកចិត្ត តែជំនួសមកវិញគឺ ខ្ញុំត្រូវបង្ខំញញឹម ហើយនិយាយថា ខ្ញុំមិនអីទេ។ ហេតុក៏ខ្ញុំមិនអាចសូម្បីតែរកមនុស្សម្នាក់ មកស្ដាប់ពាក្យក្នុងចិត្តបាន? ពេលនេះ រាងកាយខ្ញុំហត់ បេះដូងខ្ញុំលោតញាប់ ហើយខ្ញុំចង់សម្រាក ខ្ញុំចង់បោះបង់ ខ្ញុំចង់ឈប់ដើរទៅមុខ ប៉ុន្តែស្របពេលនោះ ខួរក្បាលមួយនេះ ក៏បានលួងលោមទៅកាន់បេះដូងថា ល្ងាចនេះ ព្រះអាទិត្យលិចទៅបាត់មែន តែវានឹងត្រឡប់មកវិញនៅថ្ងៃស្អែកជាមិនខាន មិនយូរទេ ឯងនឹងលែងអីហើយ ខំបន្តទៀតណា... ឯងមានភារកិច្ចដែលត្រូវធ្វើច្រើនណាស់ បើឯងបោះបង់ បើឯងចុះចាញ់ តើអ្នកណានឹងបន្ត?
ខ្ញុំក៏ព្យាយាមលើកទឹកចិត្តខ្លួនឯង ហើយធ្វើរឿងដែលខ្លួនឯងចូលចិត្ត ហើយញញឹមឱ្យបានច្រើនជាងមុនវិញ ព្រោះខ្ញុំគិតឃើញថា បើខ្ញុំមិនលើកទឹកចិត្តខ្លួនឯង តើអ្នកណានឹងមកលើកទឹកចិត្តខ្ញុំ? បើខ្ញុំមិនរឹងមាំ តើអ្នកណានឹងលើកខ្ញុំឡើងពេលខ្ញុំដួល? ជិវិតនេះ ត្រូវជួបរឿងច្រើនទៀត បើខ្ញុំមិនតស៊ូ ខ្ញុំនឹងបរាជ័យជារៀងរហូត... ស៊ូៗឡើងណា អ្នកដែលកំពុងអាន ត្រូវក្រោកឈរ ញញឹមឡើងវិញ ហើយអ្នកនឹងជួបនូវរឿងល្អៗក្នុងជីវិតមិនខាន៕
រក្សាសិទ្ធអត្ថបទដោយទំព័រ ៖ និទានអារម្មណ៍
#សំណេរអារម្មណ៍ #ភាសាដួងចិត្ត