ជាការពិត មនុស្សស្រីឥឡូវ អាចនិយាយបានថា នាងសឹងតែលែងទុកចិត្តមនុស្សប្រុសស្ទើរតែទាំងអស់ហើយ ព្រោះមនុស្សប្រុសដែលនាងជួប នាងស្គាល់ និងបានដឹងឮ គឺសុទ្ធតែមិនល្អ ទាំងគំនិត និងចរិត សូម្បីតែ ឪពុករបស់នាង ក៏អាចនិយាយបានថា មិនល្អអីដែរ ព្រោះមានឪពុកខ្លះ ធ្វើបាបចិត្តប្រពន្ធ ធ្វើបាបចិត្តកូន បំផ្លាញគ្រួសារតែប៉ុណ្ណេាះ។
តួយ៉ាង ដូចដែលបានធ្វើការស្ទាបស្ទង់លើអត្ថបទមួយដែលមានចំណងជើងថា " រៀបការធ្វើអ្វី មនុស្សប្រុសមានអីអស្ចារ្យ " ក៏ឃើញថា ភាគច្រើននៃមនុស្សប្រុសដែលបានចូលខំមិន និងបញ្ចេញមតិ គឺមានគំនិតកខ្វក់ពិតមែន ព្រោះគេបង្ហាញឱ្យឃើញតែពីគំនិត និងចរិតរបស់គេ តែរឿងលើគ្រែ និងការបង្កើតកូនតែប៉ុណ្ណេាះ។
ក្នុងអត្ថបទនោះចង់បង្ហាញថា " មនុស្សប្រុសគ្មានអ្វីអស្ចារ្យ " គឺសំដៅដល់ការធ្វើកិច្ចការងារទាំងឡាយ ព្រោះមនុស្សស្រី នាងក៏អាចធ្វើ អាចរ៉ាប់រងដោយខ្លួនឯងបានដែរ ក៏មនាមនុស្សប្រុសខ្លះ កុំថាឡើយឱ្យជួយការងារផ្ទះ តែការងារខ្លួនឯងហ្នឹង ក៏ធ្វើមិនបានផង មិនចេះរកស៊ី មិនប្រឹងធ្វើការ ខ្ជិលច្រអូស គិតតែរឿងស៊ីផឹក បំផ្លាញគ្រួសារ មានស្រី ធ្វើបាបប្រពន្ធកូន បើបែបហ្នឹង តើឱ្យមនុស្សស្រីនាងទុកចិត្តបានយ៉ាងម៉េច បើមកធ្វើតែជាបន្ទុកឱ្យនាងតែប៉ុណ្ណេាះ ម្ល៉ោះហើយ នៅម្នាក់ឯងវាក៏ជាង យកប្ដីនាំតែជាប់កម្មតែប៉ុណ្ណេាះ។
អត្ថបទ គេចង់សបញ្ជាក់ពីភាពអាត្មានិយមរបស់មនុស្សប្រុសមួយចំនួន ភាពទន់ជ្រាយរបស់មនុស្សប្រុសមួយចំនួន និងចង់ប្រាប់ថា ការងារណាក៏មនុស្សស្រីអាចធ្វើបានដែរ មិនមែនចាំតែមនុស្សប្រុសនោះឡើយ ដូច្នេះហើយ គួរឱ្យតម្លៃមនុស្សស្រី និងគប្បីឈ្វេងយល់ពីខ្លួនឯងក្នុងភាពជាកូនប្រុស ជាស្វាមី ថាតួនាទីអ្វីដែលអ្នកគប្បីបំពេញ និងជួយដល់ក្រុមគ្រួសារ មិនមែនចេញមក អួតតែរឿងខ្លាំងលើគ្រែ ពូកែតែខាងផលិតកូននោះឡើយ។ បើអ្នកគិតឃើញត្រឹមតែប៉ុណ្ណឹង វាក៏មិនខុសអីពីឆ្កែអនាថានោះទេ។
អធ្យាស្រ័យ ប្រសិនបើការសរសេរនេះ វាជ្រុលជ្រួសខ្លាំង តែចង់បញ្ជាក់ដល់មនុស្សប្រុសអគតិមួយចំនួនតែប៉ុណ្ណេាះ តួយ៉ាងក៏បានដឹងច្បាស់ហើយថា លើលោកនេះ ក៏នៅមានមនុស្សប្រុសមានគុណធម៌ មានចំណេះដឹង ត្រឹមត្រូវ មានទំនួលខុសត្រូវ និងជាប្រុសល្អ ប្ដីល្អ ឪពុកល្អ ប្រជាពលរដ្ឋល្អផងដែរ៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ