ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩ នេះ ស្ពានអាកាសថ្មើរជើងនាងគង្ហីងបានបើកដំណើរការឱ្យឆ្លងកាត់ជាសាធារណៈ ជាមួយនឹងការសាកល្បងដំណើរការផ្សារទំនើបឌឹអូឡាំព្យាម៉ល (Olympic Mall ) ក្នុងពេលតែមួយជាមួយគ្នា។
ជាមួយនឹងការសាកល្បងដំណើរការផ្សារទំនើបឌឹអូឡាំព្យាម៉លនៅក្នុងថ្ងៃនេះផងដែរ មានបណ្តាអ្នកយកព័ត៌មាន រួមទាំងមហាជនជាច្រើនបានសម្រុកចូលទៅទស្សនាកម្សាន្ត និងទិញទំនិញនៅក្នុងផ្សារទំនើបបើកថ្មី ដោយរូបភាពជាច្រើនសន្លឹកបានថែមទាំងបង្ហោះចែកចាយពេញបណ្តាញសង្គម ពីទិដ្ឋភាពទូទៅខាងក្នុងទៀតផង មើលទៅមានការតុបតែងបានល្អ ស្រស់ស្អាត និងទំនើបខ្លាំងមិនចាញ់ផ្សារទំនើប AEON Mall ឡើយ បើទោះបីជាមានហាងខ្លះមិនទាន់បើកដំណើរការអស់ ហើយជាន់ទី ៦ និងទី៧ ដែលមានទាំងរោងកុនទំនើបមិនទាន់រៀបចំរួចហើយក្តី។
គួរឱ្យដឹងថា ផ្សារទំនើបនេះជាមជ្ឈមណ្ឌលលក់ទំនិញជាច្រើនប្រភេទដូចជាហាងលក់សំលៀកបំពាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្ត ហាត់ប្រាណ រោងកុននិងកន្លែងបម្រើសេវាកម្មវាច្រើនប្រភេទទៀតដែលមានលក្ខណៈទំនើបខ្លាំងទៀតផង ដោយមានការបើកបម្រើការពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១០យប់៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Randy RS /Cambodia Skyline