អ្នកចាស់ នៅនឹក នៅបារម្ភ តែមិនមែនមានន័យថាចង់ត្រឡប់ឡើយ ហើយក៏មិនអាចចាប់ផ្ដើមជាថ្មីដែរ

មនុស្សភាគច្រើន បើបែកគ្នាហើយ គឺស្អប់គ្នាជាងស្អីទៅទៀត ការនឹកនាដល់ គឺមានតែភាពក្ដៅក្រហាយ មិនអាចជាមិត្តទេ មានតែធ្វើជាសត្រូវ ប៉ុន្តែមិនមែនឱ្យតែអ្នកចាស់ ឬមនុស្សអតីត សុទ្ធតែអាក្រក់ទាំងអស់នោះឡើយ។

អ្នកចាស់ ឬសង្សារចាស់ ពេលខ្លះ​ គេជាមនុស្សល្អណាស់ តែមកពីយើង ហើយនិងគេអស់និស្ស័យនឹងគ្នា ទើបមិនអាចបន្តជាមួយគ្នាបានរហូតដល់ចាស់រៀងៗខ្លួន។ ដ្បិតថាមិនអាចក្លាយជាគូនឹងគ្នាមែន តែគេក៏អាចធ្វើជាមិត្តល្អនឹងគ្នាបានរហូតអស់មួយជីវិតបានដែរ។

គូខ្លះ ទោះបីជាបែកគ្នាមែន តែក៏នៅតែរាប់អានគ្នា ហៅរកគ្នា សួរនាំដឹងពីសុខទុក្ខគ្នាជានិច្ច។ ហើយក៏ជឿថា នៅមានគូខ្លះ នៅតែនឹក នៅតែគិតបារម្ភពីគ្នា ចេះតែខ្វល់ថា ខ្លាចអ្នកក្រោយរបស់គេ ធ្វើបាបចិត្តគេ ខ្លាចគេមិនស្មោះចំពោះមិត្តល្អរបស់ខ្លួន ជាពិសេស​ គឺនៅតែជាដៃគូពិភាក្សាដ៏ល្អសម្រាប់គ្នា។

តែការនឹកនា នឹកខ្វល់ពីគ្នា មិនមែនមានន័យថា ចង់វិលត្រឡប់រកគ្នាវិញនោះឡើយ តែបើត្រឡប់ ក៏មិនអាចដែរ ក៏រឹតតែមិនអាចផ្ដើមសារជាថ្មី វាគ្រាន់តែជាអារម្មណ៍ ដែលនៅល្អនឹងគ្នា នៅនឹកគ្នា នៅបារម្ភពីគ្នាតែប៉ុណ្ណោះ៕

Screen Shot 2017 12 19 At 1.32.05 PM

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ