មនុស្សសម័យឥឡូវចូលចិត្តណាស់ ខាងពេបជ្រាយ មើលងាយ សម្លក់សម្លឹង ដើរវិនិច្ឆ័យគេអីចេះគេអីចុះ ចុះខ្លួនឯងហ្នឹង មានដែលឆ្លុះកញ្ចក់មើលពីខ្លួនឯងដែរអត់? អ្នកខ្លះសុទ្ធតែដើរអួត ដើរនិយាយ ស្អប់អ្នកនេះ ស្អប់អ្នកនោះ ជ្រេញគេ មិនចូលចិត្តគេ ចុះមានដែលសួរគេវិញទេថា គេចូលចិត្តយើងដែរអត់? ទទួលស្គាល់ថា ការរស់នៅក្នុងសង្គមបច្ចុប្បន្នតែងតែជួបប្រទះនូវបញ្ហាអស់នេះ។ ជាពិសេសអារឿងនិយាយដើមគេ ត្រាវពីមួយចូលមួយ ចាក់រុកអុចអាលប្រចែប្រច័ណ្ឌ សួរថាថីបានចូលចិត្តទើសគេម៉េះ? មកពីឃើញគេមានជាង គេឡូយជាង គេស្អាតជាង ឬគេល្អជាងខ្លួនមែន បានខំប្រឹងសម្ដែងជាតួឈ្នានីសបែបនេះ?
បកមកវិញ ប្រសិនបើមាននរណាម្នាក់ គិតមិនល្អ ឬនិយាយអាក្រក់អំពីយើង គេតាំងខ្លួនគេដូចជាគ្រូទាយដឹងច្បាស់ពីយើង ចូលកុំទៅយកចិត្តទុកដាក់ឥតប្រយោជន៍ នឹងសម្ដីឥតបានការទាំងនោះ។ សំខាន់យើងត្រូវដឹងថា ខ្លួនយើងមិនបានធ្វើអ្វីខុស ឫប្រព្រឹត្តអាក្រក់ទៅលើនរណាម្នាក់ឡើយ។ ដូច្នេះកុំទៅគិត នាំតែស្អុយគំនិត ខូចអារម្មណ៍តែប៉ុណ្ណោះ។ ព្រោះយើងជាខ្លួនយើង ជាជីវិតយើង ជារឿងរបស់យើង មិនមែនឲ្យអ្នកដទៃមកកំណត់វាសនាឲ្យយើង ត្រឹមបបូរមាត់ដ៏សម្អុយរបស់គេនោះទេ។ ដូចពាក្យគេថា ឆ្កែឲ្យតែជិតងាប់វាប្រកាច់ចឹងហើយ ដូច្នេះកុំយកខួរក្បាលទៅគិត ឫខ្វាយខ្វល់នឹងសម្ដីមិនល្អរបស់អ្នកដទៃអី។ ចំណាយពេលវេលាឲ្យមានប្រយោជន៍ មានតម្លៃ និងរីកចម្រើនដល់ខ្លួនឯងទើបជាការប្រសើរ៕
អត្ថបទដោយ៖ #Justin