មួយរយៈនេះរូបភាពទីងមោងសម័យថ្មីឆ្នាំ ២០១៩ កំពុងតែកក្រើកពេញបណ្តាញសង្គម ដោយសារតែទីងមោងសម័យនេះមិនមានរូបរាងគួរឱ្យខ្លាចដូចមុនៗឡើយ តែបែរជាមានសម្រស់ស្រស់ស្អាត សាច់សខ្ចី មុខរលោងម៉ដ្ឋខៃ ថែមទាំងមានទម្រង់មុខ V យ៉ាងស្រស់ស្អាតទៀត។
តែថ្មីៗនេះបើវិភាគឱ្យដិតដល់ទៅ ការពិតទីងមោងស្រស់ស្អាតយ៉ាងនេះ បែរជាមានទម្រង់មុខដូចតារាល្បីៗទៅវិញ ដែលគ្រប់គ្នាយល់ថា អ្នកធ្វើទីងមោងទាំងនេះប្រហែលជាធ្វើពុម្ពមុខដូចតារាល្បីទាំងនោះប្រាកដហើយបានជាមានមុខដូចគ្នាបែបនេះ។
ដោយទីងមោងមួយចំនួនដែលគេគ្រប់គ្នាយល់ថាធ្វើតាមមុខតារាល្បីៗនោះ មានដូចជា កញ្ញា មាន សូនីតា លោកណុប បាយ៉ារិទ្ធ អ្នកនាង មាស សុខសោភា លោក G-Devith អូនបុត្រ និងតួការ៉ាកេត ក្នុងរឿង បុព្វេសន្និវាស។
ក្រោយការបញ្ចេញរូបភាពនៃមុខមាត់របស់ទីងមោង ប្រៀបធៀបនឹងតារាល្បីទាំងនោះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួន ពិតជាមិនសរសើរមិនបាននោះទេ ជាមួយនឹងស្នាដៃដ៏ប្លែក មិនធ្លាប់មានពីមុនមក ដែលធ្វើឡើងដូចទៅនឹងមុខមាត់ តារាល្បីៗរបស់ខ្មែរយើង៕